ព័ត៌មានទាន់ហេតុការណ៍៖

តារាវាយតឺន្នីសឆ្នើម Novak Djokovic សុខចិត្តខកខានការប្រកួតជុំវិញការចាក់វ៉ាក់សាំង Covid-19

ចែករំលែក៖

កីឡាករវាយតឺន្នីសឆ្នើមលំដាប់ពិភពលោក Novak Djokovic បាននិយាយថា គាត់ចង់ខកខានពានរង្វាន់កីឡាវាយតឺន្នីសនាពេលអនាគតជាជាងការបង្ខំឱ្យទទួលបានវ៉ាក់សាំងការពារ Covid-19។ គាត់បាននិយាយថា ការបាត់ការប្រកួតដូចជា French Open ជុំវិញស្ថានភាពការចាក់វ៉ាក់សាំងរបស់គាត់គឺជា “តម្លៃដែលលោកសុខចិត្តចំណាយ”។

កីឡាករដែលឈ្នះពានរង្វាន់ Grand Slam ២០សម័យត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលីកាលពីខែមុន បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានលុបចោលទិដ្ឋាការរបស់គាត់ជាប់ៗគ្នាជុំវិញស្ថានភាពមិនបានចាក់វ៉ាក់សាំងរបស់គាត់។ Djokovic បាន​ពណ៌នា​អំពី​លក្ខខណ្ឌ​ក្នុង​ពេល​ដែល​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ថា ​ជា​ការ​លំបាក​ខ្លាំង។ គាត់ថា គាត់មិនបាននិយាយក្រៅប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះទេទោះបីជាចង់និយាយដូចដែលគាត់ចង់គោរពដំណើរការច្បាប់ និងលក្ខខណ្ឌកម្មវិធី Australian Open ។

កីឡាករវាយតឺន្នីសលេខ១របស់ពិភពលោករូបនេះបានអះអាងថា “ខ្ញុំមិនគួរត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនាប្រឆាំងការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែបានគាំទ្រសិទ្ធិរបស់បុគ្គលម្នាក់ក្នុងការជ្រើសរើស។ ខ្ញុំបានទទួលការលើកលែងផ្នែកវេជ្ជសាស្ត្រក្នុងការចូលប្រទេសដើម្បីលេងក្នុងព្រឹត្តិការណ៍ Australian Open ខណៈដែលខ្ញុំបានជាសះស្បើយពី Covid-19 ថ្មីៗនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលីលោក Alex Hawke បានលុបចោលទិដ្ឋាការរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះដោយផ្ទាល់ ក្រោមហេតុផលថា វត្តមានរបស់គាត់អាចញុះញង់ “ចលាចលស៊ីវិល” និងលើកទឹកចិត្តឱ្យមានមនោសញ្ចេតនាប្រឆាំងនឹងការចាក់វ៉ាក់សាំង។

នៅក្នុងបទសម្ភាសន៍ទូលំទូលាយ ជាលើកដំបូងរបស់កីឡាកររូបនេះចាប់តាំងពីត្រូវបានឃុំខ្លួននៅទីក្រុងមែលប៊នក្នុងខែមករា Djokovic បាននិយាយអំពីការរំពឹងទុកអំពីពេលវេលានៃករណី Covid-19 វិជ្ជមានរបស់គាត់នៅក្នុងខែធ្នូ ហើយបានពិភាក្សាអំពីអាកប្បកិរិយារបស់គាត់ចំពោះការចាក់វ៉ាក់សាំង។

Djokovic បានបន្តថា គាត់សង្ឃឹមថាតម្រូវការចាក់វ៉ាក់សាំងនៅក្នុងការប្រកួតមួយចំនួននឹងផ្លាស់ប្តូរ ហើយគាត់សង្ឃឹមថាអាចលេងបានច្រើនឆ្នាំទៀត។ គាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា គាត់​សុខ​ចិត្ត​បោះបង់​ឱកាស​ក្លាយ​ជា​កីឡាករ​វាយតឺន្នីស​ដ៏​អស្ចារ្យ​បំផុត​គ្រប់​ពេល ព្រោះ​គាត់​មាន​អារម្មណ៍ល្អ។ ចំណែកគូប្រជែងរបស់ Djokovic គឺ Rafael Nadal បានឈ្នះជើងឯក Grand Slam ចំនួន២១ដង ដែលជាគូប្រជែងបុរសច្រើនជាងគេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖