ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអោយដឹងថា, ខ្ញុំបានឃើញការសុំទោស និងស្រាយបំភ្លឺជាសាធារណៈរបស់លោកបណ្ឌិត គឹម ហ៊ាង ទាក់ទងនឹងប្រសាសន៏របស់គាត់ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកថ្លែងថា, ខ្ញុំយល់ថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។ កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៏ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោសជាសាធារណៈនេះ។
ខាងក្រោមនេះជាលិខិតសូមទោសរបស់លោក គឹម ហ៊ាង:
លិខិតសូមទោសជាសាធារណៈ
ខ្ញុំបាទឈ្មោះ គីម ហ៊ាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់ នៅក្នុងកម្ម វិធីសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្ដីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺ រាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុង សៀមរាប ខេត្តសៀមរាប។
នៅក្នុងបទបង្ហាញ និងការវិភាគរបស់ខ្ញុំបាទ មានរយៈពេលជាង ២ម៉ោង ខ្ញុំបាទបានបកស្រាយពី ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលន ទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជា កំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា។
ខ្ញុំបាទសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញ ធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើត ឡើងដោយអចេតនាកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប៕
ដោយ ៖ សុខ ខេមរា