ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើករថយន្តទាំងស្រវឹងស្រាជ្រុលទៅបុករ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគបណ្តាលឱ្យស្លាប់ម្នាក់និងស្ត្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយក្មេងស្ទាវដែលគេសង្ស័យថាស្ថិតក្នុងស្ថានភាពស្រវឹងបានបោះពួយក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្រ្តីជាប្រពន្ធព្រមទាំងអ្នករួមដំណើរម្នាក់ទៀតងរបួសធ្ងន់ កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចជិតភ្លើងស្តុបណតប្រ៊ីដ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណាក់ អាយុ៣៨ឆ្នាំ មុខរបរទិញលក់បន្លែ រស់នៅបច្ចុប្បន្នក្នុងភូមិជ្រោយចំប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ)។ ចំណែកអ្នករងរបួសជាប្រពន្ធមានឈ្មោះ យ៉ែម សម្ផស្ស អាយុ៤២ឆ្នាំ មុខរបរលក់បន្លែនៅផ្សារសិនជូរី ពោធិ៍ចិនតុង រស់នៅជាមួយប្តី និងអ្នករួមដំណើរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ រីឯអ្នកបើករថយន្តគឺជាយុវជនម្នាក់ និងមានអ្នករួមដំណើរម្នាក់ទៀតមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីពីរនាក់ បើករ៉ឺម៉កដឹកបន្លែតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអូឌីAUDI A7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AZ-2550 បើកបរដោយយុវជនម្នាក់និងរួមដំណើរដោយយុវជនម្នាក់ទៀតស្រវឹងស្រាជោក បើកតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាមកបុកពីក្រោយរ៉ឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររុឺម៉កខ្ទាតទៅបោកផ្ទប់ទៅនឹងចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបន្លែធ្លាក់រាយប៉ាយពេញផ្លូវ ចំណែកឯប្រពន្ធនិងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ដោយឡែករថយន្តបង្កមិនទាន់អស់ល្បឿនបានហោះឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មបាក់អស់មួយដើម និងដើមឈើបាក់មួយដើមទៀត ទើបទៅមុខលែងរួច។  អ្នកបើកបររថយន្តបង្កហេតុស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រង់ចាំប្រគល់ឱ្យជំនាញចាត់ការតាមនីតិវិធី។

   សមត្ថកិច្ចជំនាញបានចុះមកវាស់វែង ស្ទូចយករថយន្តបង្កនិងរ៉ឺម៉ករងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖