ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីថៃអនុម័តទៅលើសេចក្តីព្រាងច្បាប់ផ្លាស់ប្តូរឈ្មោះរាជធានីបាងកក

ចែករំលែក៖

ពេលថ្មីៗនេះគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ បានអនុម័តទៅលើសេចក្តីព្រាងច្បាប់ដែលបានប្រកាសដោយការិយាល័យនាយករដ្ឋមន្ត្រី ស្តីពីការផ្លាស់ប្តូរឈ្មោះរាជធានីតាមសំណើរបស់រាជវាំងថៃ ។
តាមសារព័ត៌មាន Bangkok Post បានផ្សាយថា ទីក្រុងបាងកកនឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា ក្រុងទេពមហានគរ “Krung Thep Maha Nakhon” ឈ្មោះរាជធានីថ្មីនឹងចាប់ផ្តើមប្រើប្រាស់ជាផ្លូវការ ក្រោយគណៈកម្មាធិការទទួលបន្ទុកផ្លូវច្បាប់ត្រួតពិនិត្យរួចរាល់។
ការិយាល័យរាជបណ្ឌិត្យសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេសពី «បាងកក» ទៅជាក្រុង ទេព មហានគរ (Krung Thep Maha Nakhon)។ ប៉ុន្តែ ឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់ ឬហៅដដែល។
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបច្ចុប្បន្នភាពឈ្មោះប្រទេស, ដែនដី, តំបន់រដ្ឋបាល និងរាជធានី តាមសំណើរបស់ ORST។ ឈ្មោះផ្លូវការនៃរាជធានីថៃ គឺក្រុងទេពមហានគរ នឹងមិនចូលជាធរមានឡើយ រហូតទាល់តែវាត្រូវបានពិនិត្យដោយគណៈកម្មាធិការមួយទទួលបន្ទុកលើការត្រួតពិនិត្យលើរាល់សេចក្ដីព្រាងច្បាប់ទាំងអស់។
គួរបញ្ជាក់ថា បើតាមការិយាល័យរាជបណ្ឌិត្យសភាថៃ ឈ្មោះក្រុងទេពមហានគរ នឹងក្លាយជាឈ្មោះផ្លូវការនៃរាជធានីរបស់ព្រះរាជាណាចក្រថៃ ប៉ុន្តែឈ្មោះបាងកក នឹងត្រូវដាក់អមនៅក្នុងរង្វង់ក្រចក៕ ដោយ៖ សាធី

រូបថត៖Getty


ចែករំលែក៖