រលកកូវីដ-១៩ លើកទី៥នៅកោះហុងកុង បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់នេះដួលរលំ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងលើសពី៦០ដង ក្នុងខែកុម្ភៈនេះ។ វិស័យឧស្សាហកម្ម ក្រុមហ៊ុនតូចធំ រងផលប៉ះពាល់យ៉ាងខ្លាំង។
មន្ត្រីសុខាភិបាលកោះហុងកុងបានឱ្យដឹងថា កាលពីថ្ងៃទី ១៧ខែកុម្ភៈបានរកឃើញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ៦.១១៦នាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីផ្ទុះកូវីដ-១៩មក ។ តួលេខនោះមិនគិតពីការធ្វើតេស្តរហ័សរកឃើញករណីឆ្លង៦.៣០០នាក់ទៀតឡើយ ។ បើគិតសរុបទាំងការធ្វើតេស្តរហ័ស គីមានអ្នកឆ្លងជាង១២ពាន់នាក់។
ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 លើសពី១០០,០០០នាក់ជាលើកដំបូង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។
បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KDCA) អ្នកឆ្លង COVID-19បាន កើនឡើងដល់ទៅ១០៩,៨៣១នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់១,៧៥៥,៨០៩នាក់។ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ៤៥នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺមួយនេះកើនដល់ ៧,២៨៣នាក់។
នៅថ្ងៃទី១៨ខែកុម្ភៈ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ពួកគេនឹងបន្ធូរបន្ថយវិធានការបម្រាមគោចរបន្តិចម្ដងៗសម្រាប់អាជីវកម្ម ឬហាងទំនិញនានា ប៉ុន្តែនឹងបន្តអនុវត្តវិធានការមួយចំនួនដូចជាការកំណត់ការជួបជុំត្រឹមមនុស្ស៦នាក់, ការធ្វើចត្តាឡីស័ក៧ថ្ងៃ សម្រាប់អ្នកដំណើរបរទេស និងកាតព្វកិច្ចពាក់ម៉ាស់ ក៏ដូចជាការបង្ហាញបណ្ណចាក់វ៉ាក់សាំងនៅតាមទីសាធារណៈផងដែរ៕
ដោយ៖ សាធី(រូបថត៖AFP)