ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់អាណាព្យាបាលកុមារ នាំកូនចៅទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីអាយុ៣ឆ្នាំដល់៥ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ដល់ អាណាព្យាបាលកុមារ នាំកូនចៅទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីអាយុ៣ឆ្នាំដល់៥ ឆ្នាំជូនកុមារ ក្នុងភូមិសាស្ដ្រ  រាជធានីភ្នំពេញ ។ 

     នៅក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានី ដែលចេញនៅថ្ងៃនេះ បានឲ្យដឹងថា៖ បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងកុមារដែលមានអាយុចាប់ពី ០៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ សម្រេចបាន១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសទី៣ ឬដូសជំរុញ” ជូន កុមារ-យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។ យ៉ាងណាមិញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានដាក់ចេញនូវ យុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចៀសហានិភ័យនានាដែលអាចកើតមានឡើងដោយការគំរាមកំហែងនៃមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ។

    ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ តាមរយៈការអញ្ជើញ និង ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ។

  ទន្ទឹមនឹងនេះចំពោះកុមារដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន សូមមាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តា ភ្ជាប់មកជាមួយនូវឯកសារ និងអនុវត្តគោលការណ៍ចាំបាច់ ដូចខាងក្រោម៖ – សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ។ នៅមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ (៨៥៥) ២៣-៧២២ ៧៣៩ /ទូរសារៈ (៨៥៥)២៣-៧២៥ ៦២៦ / ២៣-៧២២ ០៥៤ ។ 

  – ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល ។ 

– ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឱ្យ មាតាបិតា-អាណាព្យាបាល បំពេញ នូវលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមក បុត្រធីតាឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ . ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជា លាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ – ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមាន ទីតាំងស្នាក់នៅពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

       ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវចំពោះមាតាបិតា-អាណាព្យាបាលដែល ត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយ ត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់ និងកាត់បន្ថយការឆ្លងរាលដាល ជំងឺកូវីដ-១៩។

     អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សំរិត


ចែករំលែក៖