នៅថ្ងៃទី១៨ខែកុម្ភៈ តុលាការឥណ្ឌា បានកាត់ទោសប្រហារជីវិតមនុស្ស៣៨នាក់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សអស់ជាច្រើននៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា កាលពីឆ្នាំ២០០៨។
កាលពីថ្ងៃទី៨ខែកុម្ភៈ តុលាការឥណ្ឌាក៏បានកាត់ទោសមនុស្ស៤៩នាក់ដែលជាប់ពាក់ព័ន្ធការវាយប្រហារគ្រាប់បែកសម្លាប់មនុស្សដល់ទៅ៥៦នាក់នៅទីក្រុង Ahmedabad ដែលជាទីក្រុងពាណិជ្ជកម្មនៅក្នុងរដ្ឋ Gujarat ។
ចៅក្រម A R Patel បានចេញសាលក្រមកាត់ទោសមនុស្ស ៣៨នាក់ប្រហារជីវិត និង ១១នាក់ត្រូវជាប់គុកអស់មួយជីវិត ។ អ្នកទាំងនោះទទួលរងការចោទប្រកាន់ពីបទសម្លាប់មនុស្សនិងប៉ុនប៉ងមនុស្សឃាត។
ក្រុមអ៊ិស្លាមជ្រួលនិយមនៅឥណ្ឌា (Indian Mujahideen) បានទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួន ហើយប្រកាសថាជាសកម្មភាពតបតនឹងអំពើហិង្សាពាក់ព័ន្ធសាសនាបណ្តាលឱ្យមនុស្សប្រមាណ១ពាន់នាក់ស្លាប់នៅឆ្នាំ២០០២។ សរុបមានមនុស្ស៧៧នាក់ជាប់ពាក់ព័ន្ធការវាយប្រហារនៅទីក្រុង Ahmedabad ក្នុងនោះមាន ២៨នាក់រួចផុតពីការចោទប្រកាន់។ ដោយសារតែប្រព័ន្ធច្បាប់ស្មុគស្មាញ ទើបការកាត់ទោសជនដៃដល់ត្រូវពន្យារពេលរហូតដល់១ទសវត្សរ៍កន្លងមក៕
ដោយ៖ សាធី(រូបថត៖AFP/TTXVN)