ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីមូលដ្ឋានសំខាន់ៗចំនួន៥រូប រួមមាន៖ ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ មេបុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ និងប្រធានបុស្តិ៍សុខភាពឃុំ សង្កាត់ ឱ្យពង្រឹងនូវគុណភាព សមត្ថភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានណែនាំឱ្យក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់លើកទឹកចិត្ត និងជំរុញដល់មន្ត្រីមូលដ្ឋានទាំង៥រូបនេះ ខិតខំបំពេញតួនាទីភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ទិសដៅការងារបន្ត ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា, ករណីខ្លះក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ មេបុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ និងប្រធានបុស្តិ៍សុខភាពឃុំ សង្កាត់ មួយចំនួនតូចច្រើនខ្លះការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដូចជាសេវាសាធារណៈ ការប្តឹងផ្តល់ ជាដើម អត់បានពង្រឹងនូវគុណភាព សមត្ថភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕


ដោយ ៖ សិលា


ចែករំលែក៖