ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩៖០០នាទី ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Eugene នាយកប្រតិបត្តិក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ចូលជួបសម្តែងការគួសម និងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរ។
ជាបឋម លោកបានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ លោករដ្ឋមន្ត្រី និងវាយ តម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពីឯកឧត្តមរដ្ឋមន្រ្តី និងសហការីចំពោះកិច្ចការជួយគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចកន្លងមក ហើយលោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងនៅតែបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ។ ឆ្លៀតឱកាសនេះ លោកនាយក បានលើកសំណើ ៣ ចំណុចជូន លោករដ្ឋមន្រ្តីជួយពិនិត្យ ពិចារណា និងដោះស្រាយ ៖
១- ជួយពន្លឿងលើការពិនិត្យ និងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន។
២- ជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបានពីរាជរដ្ឋាភិបាលយកមកធ្វើការអភិវឌ្ឍ។
៣- ស្នើសុំជួយគាំទ្រចំពោះគម្រោងបង្កើតសាលារៀនសម្រាប់កុមារ និងយុវជន និងបង្កើតមណ្ឌលសុខភាព ដោយសហការជាមួយអង្គការ Cambodia Awareness។
លោករដ្ឋមន្ត្រីបានវាយតម្លៃលើការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច (មានដំណាំកៅស៊ូ និងស្វាយចន្ទី) សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយអ្វីទាំងអស់ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើគ្មានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត និងជាពិសេសលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច។ តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍដីនេះ ប្រយោជន៍ដើម្បីបង្កើនល្បឿនផលិតកម្មដាំដុះលើដីដែលបានប្រគល់ជូនឲ្យបានសមស្របតាមលក្ខខណ្ឌក្នុងកិច្ចសន្យា បង្កើតការងារជូនពលរដ្ឋក្នុងតំបន់អភិវឌ្ឍ បង្កើនចំណូលគ្រួសារ និងកំណើរសេដ្ឋកិច្ចស្របតាមបរិបទនៃការរីរាលដាលជំងឺឆ្លងកូវីដ-១៩។
ចំពោះសំណើទាំង ៣ខាងលើ លោករដ្ឋមន្ត្រីទី១ បានបង្ហាញនូវទស្សនគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាព ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្សដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅ បន្ទាប់មកចំណេះជំនាញបច្ចេកទេស មុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត ហើយពិតណាស់វាជាការអភិវឌ្ឍធនធានមនុស្សនៅហ្នឹងកន្លែងទៀតផង ចៀសវាងការធ្វើចំណាកស្រុក។ ដោយឡែក ការសាង សង់មណ្ឌលសុខភាព គឺចាំបាច់ណាស់សម្រាប់បុគ្គលិក កម្មករដែលបម្រើការឲ្យក្រុមហ៊ុន ព្រោះថាសុខភាពរបស់ពួកគាត់ត្រូវបានធានាដើម្បីឲ្យការអភិវឌ្ឍដំណើរការទៅដោយរលូន និងជោគជ័យ ។ ករណីចំណុចទី១ និងទី២ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឲ្យលេខាធិការដ្នានសម្បទានដីសេដ្ឋកិច្ចពិនិត្យ និងកែសម្រួលបន្ថែមប្រសិនបើមានការចាំចាប់ រួចសហការអនុវត្តជាមួយក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ហើយចំពោះករណីទី២ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យលេខាធិការដ្ឋានសហការជា មួយអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ជាបន្ទាន់ រួចរាយការណ៍ជូនក្រសួងដើម្បីធ្វើការពិនិត្យ ពិចារណា និងដាក់ចេញនូវវិធានការបន្ត ដើម្បីដោះស្រាយបញ្ហានេះជូនក្រុមហ៊ុនវិនិយោគឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ៕
ដោយ ៖ សិលា