ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួបទី២៣នៃទិវាជាតិយល់ដឹងពីមីន២៤​ កុម្ភ:​!

ចែករំលែក៖

ភ្នំពេញ ៖ សកម្មភាពអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីនបានចាប់កំណេីតនៅឆ្នាំ១៩៩៥​ ដែលកាលនោះទោះបីជាUNបានបញ្ចប់ការបោះឆ្នោតក្នុងឆ្នាំ១៩៩៣​ ហេីយរាជរដ្ឋាភិបាលថ្មីបានដំណេីរការដឹកនាំប្រទេសតាមគន្លងថ្មីក៏ដោយ​ ក៏សង្គ្រាមសុីវិលរវាងពួកខែ្មរក្រហមដែលមិនព្រមចូលរួមបោះឆ្នោតបន្តប្រយុទ្ធជាមួយកំលាំងរាជរដ្ឋាភិបាលកាន់តែខ្លាំងក្លាឡេីង​ ជាពិសេសតំបន់តាមព្រំដែនកម្ពុជា-ថៃ។​ ទាំងកងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋបានទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនប្រមាណជាង៤.០០០នាក់ក្នុងមួយឆ្នាំៗ​ ហេីយទុក្ខវេទនាដោយសារគ្រាប់មីនដ៍ធ្ងន់ធ្ងរបំផុតនេះ​ បានញាំងឱ្យអង្គភាពសុីម៉ាក់ជំរុញសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីនកាន់តែសកម្ម​ថែមទៀត​។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសោកវិនាសកម្មដោយសារគ្រាប់មីននៅកម្ពុជានិងបណ្តាប្រទេសមួយចំនួនទៀតជាហេតុនាំឱ្យមានចលនាអន្តរជាតិដ៏ធំមួយក្នុងបង្កេីតអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់​ ការស្តុកទុក​ ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស​ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩៧​ នៅក្រុងអូតាវ៉ា​ ប្រទេសកាណាដា​ ដែលបច្ចុប្បន្នមានរដ្ឋហត្ថលេខីចំនួន១៦៤ប្រទេសនិងរដ្ឋសមាជិកចំនួន១៣៣ប្រទេស។ សមិទ្ធិផលនេះក៏វាប្រវត្តិសាស្ត្រដែលសកម្មភាពនៃទិវាអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជាដែលចាប់កំណេីតនៅឆ្នាំ១៩៩៥ជាចលករយ៉ាងសកម្មបំផុតក្នុងការរួមចំណែកបង្កេីតឱ្យមានអនុសញ្ញាអន្តរជាតិនេះឡេីង។ 

នៅឆ្នាំ១៩៩៩​អង្គភាពសុីម៉ាក់ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធាន​ បានសំរេចបង្កេីតទិវាជាតិអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននេះឡេីងសំដៅពង្រឹងការងារអប់រំផ្សព្វផ្សាយនិងជំរុញការចូលរួមពីប្រជាពលរដ្ឋឱ្យក្លាយជាម្ចាស់លេីបញ្ហាគ្រាប់មីនទាំងអស់គ្នា​។ ផ្អែកលេីទស្សនវិស័យវែងឆ្ងាយនិងយុទ្ធសាស្ត្ររបស់សម្តេចតេជោក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននេះ​ អង្គភាពសុីម៉ាក់បានធ្វេីសកម្មភាពយ៉ាងសកម្ម​ ហេីយប្រជាពលរដ្ឋគ្រប់មូលដ្ឋានគ្រប់ស្រទាប់បានផ្លាស់ប្តូរឥរិយាបថ​និងបានចូលរួមក្នុងចលនានេះ។ បច្ចុប្បន្ននេះ​ ទាំងប្រជាពលរដ្ឋ​ ទាំងអាជ្ញាធរមូលដ្ឋាន​ ទាំងកងកំលាំងប្រដា​ប់អាវុធ​ ជាពិសេសកងកំលាំងប៉ុស្តនគរបាលជាតិ​ និងអាជ្ញាធរមីន​ ប្រតិបត្តករកំចាត់មីនបានរួមកំលាំងគ្នានិងបានដំណេីរការភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងទៅ​ អង្គភាពសុីម៉ាក់បានផ្តល់អប់រំដល់ជាង៥០០.០០០ខ្នងផ្ទះ​ និងមានប្រជាពលរដ្ឋជាង១លាន២សែននាក់ទទួលបានសារអប់រំដោយផ្ទាល់។ ហេីយក្នុងឆ្នាំ២០២២នេះ​ អង្គភាពសុីម៉ាក់មានផែនការអប់រំផ្សព្វផ្សាយដល់៥៥០.០០០ខ្នងផ្ទះ​ និងអាចមានប្រជាពលរដ្ឋប្រមាណ១លាន៦សែននាក់នឹងទទួលសារអប់រំផ្ទាល់។ 

ឆ្នាំ២០២២នេះ​ អង្គភាពជាតិសុីម៉ាក់នេះ​ មានអាយុ៣០ឆ្នាំហេីយ​(១៩៩២-២០២២)​ ក្នុងរយ:ពេល៣០ឆ្នាំនេះ​ អង្គភាពបានឆ្លងកាត់បទពិសោធន៍​ក្នុងការដោះស្រាយវិបត្តិក្រោយសង្គ្រាមលេីបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមរួមមានគ្រាប់មីន​ប្រឆាំងមនុស្សដែលមានប្រមាណ៤-៦លានគ្រាប់​ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះប្រមាណ៣០លានកូនគ្រាប់​ គ្រាប់បែកទម្លាក់ពីយន្តហោះ​(ទម្ងន់សរុបប្រមាណ២លាន៧៨មុឺនតោន)និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទ​ដទៃយ៉ាងច្រេីន។  ក្នុងរយ:ពេលនេះ​ អង្គភាពសុីម៉ាក់សំរេចរំដោះផ្ទៃដីជិត២ពាន់គីឡូម៉ែត្រក្រឡា​ រកឃេីញនិងកំទេចចោលគ្រាប់មីននិងគ្រាប់គ្រប់ប្រភេទជិត៣លានគ្រាប់​ ប្រមាណ៧៥%នៃលទ្ធផលសរុបរួមនៃសកម្មភាពមីនទាំងមូល។​ សកម្មភាពរបស់អង្គភាពសុីម៉ាក់ទាំងអស់សុទ្ធតែធ្វេីសមាហរណកម្មជាមួយគ្នា​ ទាំងការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន​ ការជួយគាំទ្រជនពិការដោយសារមីន​ កិច្ចប្រតិបត្តិការបោសសំអាតមីន​ និងការអភិវឌ្ឍសហគមន៍ក្រោយបោសសំអាតមីនរួច​ ជាមួយផែនការសមាហរណកម្មសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល។ 

ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស​ គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា​ ដែលមានសមាជិកហត្ថលេខីចំនួន១៦៤​ប្រទេស​ ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក​ ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។  រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកមួយសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះឱ្យខានតែបានត្រឹមឆ្នាំ២០២៥​។  ទន្ទឹងជាមួយគ្នានេះ​ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមមានទំហំធំធេងដូចនេះមិនអាចសំរេចបានគ្រាប់ទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងរយ:ពេលដូចគ្នានោះទេ!​ ផ្នែកតាមផែនការ​របស់រាជរដ្ឋាភិបាលនេះ​ អង្គភាពសុីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ​(២០២២-២០២៥)​ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា​ លេីចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡាគឺប្រមាណ៩០%នៃបញ្ហាគ្រាប់មីនដែលសល់។

នៅចំពោះនេះកំលាំងសុីម៉ាក់បានជំរុញយុទ្ធសាស្ត្រ “ខេត្តគ្មានគ្រាប់មីន​”​ និងយុទ្ធសាស្ត្រ”ភូមិអស់បញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម”​ ដោយជ្រេីសរេីសខេត្តដែលមានបញ្ហាគ្រាប់មីនតិចតួចជាគោលដៅអាទិភាព​។  ប៉ុន្តែសូមចងចាំថា​ “ខេត្តគ្មានគ្រាប់មីន” គ្មានន័យថាជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ​!​ “ខេត្តគ្មានគ្រាប់មីន”​ ធាតុពិតខេត្តនោះមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាមរតកពីសង្គ្រាមផ្សេងៗទៀតដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ​ គ្រាប់បែកចង្កោមនិងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទ​នៅឡេីយទេ​!  ដូចនេះសូមបន្តប្រុងប្រយត្ន័និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះឱ្យអស់ពីព្រះរាជាណាចក្រនេះ ។

ឆ្លៀតឱកាសដ៍មានតំលៃនៃទិវាជាតិអប់រំយល់ដឹងពីមីន២៤​ កុម្ភ:​ ២០២២​ សូមបញ្ជាក់ជាថ្មីថា​ អ្វីៗដែលសំរេចបានក្នុងរយ:ពេល៣០ឆ្នាំនេះ​ ជាសមិទ្ធិផលក្រោមការដឹកនាំរបស់សម្តេចតេជោ​ក្នុងវិស័យមីននិយាយរួម​ និង​និយាយដោយឡែកគឺសំរាប់អង្គភាពសុីម៉ាក់ផ្ទាល់តែម្តង៕

ដោយ ៖ សិលា


ចែករំលែក៖