ព័ត៌មានទាន់ហេតុការណ៍៖

បារាំងអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់

ចែករំលែក៖

ក្រសួងការបរទេសបារាំង នៅថ្ងៃទី២៣ខែកុម្ភៈបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំងអាចផ្ទុះសង្គ្រាមគ្រប់វិនាទី។

ក្រសួងការបរទេសបារាំងបានប្រកាសថា «ក្នុងពេលដែលស្ថានភាពតានតឹងកាន់តែខ្លាំង ដោយសារតែកម្លាំងទាហានរុស្ស៊ីប្រមូលផ្តុំគ្នាជិតប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសទទួលស្គាល់តំបន់ភាគខាងកើតអ៊ុយក្រែនជាតំបន់ឯករាជ្យហើយបញ្ជូនទាហានទៅរក្សាសន្តិភាព។ ក្នុងពេលនេះពលរដ្ឋបារាំងចាំបាច់ត្រូវតែចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់»។
ក្នុងពេលនេះដែរ វិមានប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ខ្លួនទទួលបានសំណើពីសាធារណរដ្ឋ Donetsk និង Lugansk ឱ្យរុស្ស៊ីបញ្ជូនទាហានដើម្បីបណ្តេញទាហានអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួនឱ្យអស់។
ការអំពាវនាវរបស់សាធារណរដ្ឋទាំងពីរដែលទើបតែទទួលស្គាល់ជារដ្ឋឯករាជ្យពីប្រធានាធិបតីពូទីន កំពុងតែរងការគំរាមកំហែងពីកម្លាំងទាហានអ៊ុយក្រែន ។ ក្នុងពេលនេះដែរ ប្រធានាធិបតីពូទីនទទួលបានសិទ្ធិពេញលេញពីរដ្ឋសភា ដើម្បី ប្រើប្រាស់កម្លាំងទាហាននៅក្រៅប្រទេស។
អាមេរិកនិងអង់គ្លេស បានលើកឡើងថា កម្លាំងទាហានរុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោកពូទីនបញ្ជាក់ថា លោកបានត្រៀមពិភាក្សាជាមួយបណ្តាប្រទេសលោកខាងលិច៕

រូបថត៖Reuters

ដោយ៖ សាធី(រូបថត៖TASS)


ចែករំលែក៖