ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងតម្រូវឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ត្រូវកាយអាចម៍ដីចេញពីទីតាំងដែលចាក់រំលោភចូលទៅដីទ្រនាប់ដងអូរឬដីចំណីអូរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរក្រុងតម្រូវឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ត្រូវកាយអាចម៍ដីចេញពីទីតាំងដែលចាក់រំលោភចូលទៅដីទ្រនាប់ដងអូរឬដីចំណីអូរ ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើយោងតាមប្រភពពី អង្គភាព មន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ នេះ ។ 

សូមបញ្ជាក់ថា, អាជ្ញាធរក្រុងសែនមនោរម្យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីតាំងសាងសង់ស្ថានីយប្រេងឥន្ធនៈថ្មីមួយកន្លែង បានរកឃើញថា ម្ចាស់ស្ថានីយនោះ បានចាក់អាចម៌ដីរាប់រយរថយន្ត រំលោភចូល ដីទ្រនាប់អូររបស់រដ្ឋ ដែលជាផ្លូវទឹកដ៏សំខាន់ ក្នុងការបញ្ចៀសការជន់លិច ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមដងអូរនារដូវវស្សា ។

ការត្រួតពិនិត្យ ឃើញថា ការចាក់អាចម៍ដីរំលោភចូលចំណីអូរនេះ មិនត្រឹមត្រូវតាមបច្ចេកទេស បំពានទៅនឹងច្បាប់ ហើយអាជ្ញាធរបានជូនដំណឹង ឲ្យម្ចាស់ស្ថានីយខាងលើ ត្រូវតែកាយអាចម៍ដីទាំងនោះចេញជាបន្ទាន់។ជាការកត់សម្គាល់នៅក្នុងខេត្តមណ្ឌលគិរីតែងតែមាន ជនខិលខូច អាងអំណាចលុយកាក់បានប្រើសកម្មភាព វាត់ទីយកដីចំណីអូរ ព្រៃទ្រនាប់អូរ របស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយអ្នកខ្លះថែមបាន លុប អូរទឹកច្រប់ ដើម្បីទុកជាកម្មសិទ្ធិបុគ្គលផង។

យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ លេខ ៩៨ អ ន ក្រ.ប ក បានបញ្ជាក់ថា អូរ សំដៅដល់ផ្លូវទឹកធម្មជាតិដែលទទួលប្រភពទឹក មកពីជ្រោះ និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចូលព្រែក ស្ទឹង ទន្លេ ឬបឹង ផ្ទៃចំណីមាត់ច្រាំង របស់អូរមានចម្ងាយ ១០ ម៉ែត្រគិតពីមាត់ច្រាំងអូរ។មហាជនបានលើកឡើងថា កន្លងមកម្ចាស់ការ៉ាសសាំងមួយនេះ ធ្លាប់បានធ្វើសកម្មភាពចាក់ដីលុបបំពេញ ដីច្រប់ ដែលនៅអមសងខាងផ្លូវជាតិលេខ ៧៦ ក្បែរការ៉ាស់សាំងនេះបានជោគជ័យម្ដងហើយ។លើកពួកគេនឹងរង់ចាំមើលថា តើអាជ្ញាធរអាចមានវិធានការជោគជ័យលើការរំដោះដីចំណីអូរនេះបានដែរឬទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖