ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFUSOបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅភ្លើងស្តុបផ្លូវ៥០ម៉ែត្រ​ កែងផ្លូវ៦០ម៉ែត្រ​បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាអ្នកលក់ខ្យងនិងក្ដាមប្រៃ​បានស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈជិះម៉ូតូចេញពីលក់ដូរត្រូវរថយន្តFUSOបើកបុករះម៉ូតូនិងរថយន្តពីរគ្រឿងផ្សេងទៀតពីក្រោយដែលកំពុងឈប់ភ្លើងស្តុប​ កាលពីវេលាម៉ោង២​ និង១០នាទីរសៀល​ ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបផ្លូវ៥០ម៉ែត្រ​ កែងផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។ 

  សពស្ត្រីរងគ្រោះមានឈ្មោះ​ វ៉ាន់​ នីការ​ អាយុជាង៣០ឆ្នាំ​ មុខរបរលក់ដូរនៅផ្សារតាខ្មៅ​ រស់នៅស្រុកបាទី​ ខេត្តតាកែវ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គឺ​មានរថយន្តមួយគ្រឿងម៉ាក​ ISUZU ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AO-8139 , ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល1AG-1067 និងរថយន្តទួរីស​មួយគ្រឿងទៀត​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2P-0069បានបេីកមកឈប់ភ្លើងស្តុបពណ៌ក្រហមបន្តកន្ទុយគ្នា​នៅត្រង់ចំណុចកេីតហេតុ​ 

។ ខណៈពេលនោះក៏មានរថយន្តបង្កម៉ាក​ FUSO ធុនធំ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-7070 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន​ មិនមេីល

យានយន្តគេកំពុងឈប់ភ្លើងស្តុប​ បានបើកបុករះពីក្រោយ​បណ្ដាលឱ្យស្ត្រីម្នាក់ជាអ្នកលក់ខ្យង​និងក្ដាមប្រៃ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​។ ដោយឡែករថយន្តចំនួន៣គ្រឿងទាំងរថយន្តបង្ក​ និងម៉ូតូមួយគ្រឿងទៀតក៏រងការខូចខាត​ផងដែរ​។ 

    ក្រោយកេីតហេតុ​ភ្លាមៗ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយផ្នែកជំនាញចរាចរណ៍ក្រុងតាខ្មៅ​ ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូដែលជាវត្ថុតាងទៅរក្សាទុក​ រង់ចាំដោះស្រាយនាពេលក្រោយ​ ។ ដោយឡែកសពស្ត្រីរងគ្រោះខាងលេី​ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​នៅឯស្រុកកំណេីត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖