ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេបញ្ជាការកងទ័ពហ្វាំងឡង់ បញ្ជាក់ថាមិនមានអាវុធគ្រប់គ្រាន់ដើម្បីតទល់ជាមួយរុស្ស៊ីឡើយ

ចែករំលែក៖

ក្រោយពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន ប្រទេសជាច្រើនទៀត ដែលជាអតីតសហភាពសូវៀតបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើរុស្ស៊ីគ្រប់គ្រងអ៊ុយក្រែនហើយ ប្រទេសបន្ទាប់ទៀតគឺជា ហ្វាំងឡង់។ ជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែនមិនមានប្រទេសណាមួយបញ្ជូនទាហានឬអាវុធមកជួយអ៊ុយក្រែននោះឡើយ គឺត្រូវគេបោះបង់ចោលពេលមានអាសន្នបែបនេះ ខ្លួនទីពឹងខ្លួន។

ក្នុងពេលនេះអតីតមេបញ្ជាការកងទ័ពអាកាសប្រទេសហ្វាំងឡង់លោក Matti Ahola បានបញ្ជាក់ថា ប្រសិនបើធ្វើសង្គ្រាមជាមួយរុស្ស៊ី ហ្វាំងឡង់មិនមានមីស៊ីល អាវុធគ្រប់គ្រាន់ដើម្បីតទល់ឡើយ គឺមានតែសមាជិកណាតូប៉ុណ្ណោះទើបអាចជួយដោះស្រាយបាន។
លោក Matti Ahola បានបញ្ជាក់ថា មានតែក្លាយជាសមាជិករបស់ណាតូប៉ុណ្ណោះទើបអាចជួយការពារហ្វាំងឡង់មានសុវត្ថិភាព ។ លោកបញ្ជាក់ទៀតថា លោកគាំទ្រទាំងស្រុងដល់ប្រទេសហ្វាំងឡង់ចូលជាសមាជិកណាតូ ដោយការទទួលបានប្រយោជន៍ច្រើនជាងការបាត់បង់ ។ យើងមិនមានជម្រើសអ្វីផ្សេងទៀតឡើយ។
ក្នុងពេលនេះដែរ ទីក្រុងមូស្គូបានចេញសារព្រមានធ្ងន់ៗចំពោះហ្វាំងឡង់ហើយនិងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO ដោយនិយាយថាការធ្វើយ៉ាងដូច្នោះនឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានធ្វើការលើកឡើងដូចខាងលើ ស្របពេលដែលកងទ័ពរុស្ស៉ីបន្តការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាចូលទៅកាន់ប្រទេសក្បែរខាងខ្លួនមួយនេះ។ លោកស្រីអ្នកនាំពាក្យបាននិយាយយ៉ាងដូច្នេះថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»។
អង្គការ NATO មិនបានចូលពាក់ព័ន្ធក្នុងសង្រ្គាមដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានបញ្ជូនទ័ពឱ្យទៅជួយការពារអ៊ុយក្រែនដែរ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថាសហរដ្ឋអាមេរិកនឹងចូលពាក់ព័ន្ធភ្លាមៗ ប្រសិនបើរុស្ស៉ីហ៊ានប៉ះប្រទេសជាសមាជិក NATO៕

ដោយ៖ ធីរីណា(រូបថត៖Reuters+AP)


ចែករំលែក៖