ក្រោយពេលផ្អាកការវាយប្រហារ ដើម្បីមើលសកម្មភាពពីប្រទេសអ៊ុយក្រែនមក នៅពេលនេះរដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចបើកការវាយប្រហារជាថ្មីពីគ្រប់ទិសទី ទាំងពីដែនអាកាស ពីដែន សមុទ្រ និងថ្មើរជើង។ ក្នុងពេលនេះដែរ រថក្រោះរុស្ស៊ីរហូតដល់ជាង៥០០គ្រឿងបានឡោមព័ទ្ធជុំវិញរដ្ឋធានីកៀវ ។
បណ្តាញាទូរទស្សន៍ Al Jazeera បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានចេញបញ្ជាឱ្យបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនពីគ្រប់ទិស ក្រោយពេលរដ្ឋាភិបាលទីក្រុងកៀវ បដិសេធពិភាក្សានៅប្រទេសបេឡារូស។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បានឱ្យដឹងថា ក្រោយពេលភាគីអ៊ុយក្រែនបដិសេធពិភាក្សានៅថ្ងៃនេះ កងកម្លាំងទាហានទាំងអស់របស់រុស្ស៊ីនឹងបើកការវាយប្រហារពីគ្រប់ទិសទៅលើទីតាំងរបស់អ៊ុយក្រែន។
នៅថ្ងៃទី២៧ខែកុម្ភៈនេះកងទ័ពរុស្ស៉ី បានបំផ្ទុះបំពង់ឧស្ម័នធម្មជាតិមួយនៅក្នុងទីក្រុងខារគីវ (Kharkiv) របស់អ៊ុយក្រែន ខណៈដែលពួកគេកំពុងបង្កើនការវាយលុកលើរដ្ឋធានីកៀវ។
ហេតុការណ៍ផ្ទុះដ៏ខ្លាំងខាងលើក៏ត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ប៉ុន្តែ ភ្លាមៗនោះមិនទាន់់មានការបញ្ជាក់ថា តើបំពង់ឧស្ម័ននោះមានសារៈសំខាន់ប៉ុនណា ឬក៏ថាតើការផ្ទុះនេះអាចនឹងធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ឧស្ម័ននៅក្រៅទីក្រុងឬនៅក្នុងប្រទេសអ៊ុយក្រែនទាំងមូល ឬក៏យ៉ាងណានោះដែរ។ ទោះជាមានសង្រ្គាមក៏ពិតមែន ក៏អ៊ុយក្រែននៅតែបន្តបញ្ជូនឧស្ម័នរុស្ស៉ីទៅកាន់តំបន់អឺរ៉ុបនៅឡើយ៕ ដោយ៖ធរីណា
រូបថត៖anninhthudo.vn