ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនរលត់ ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយក្នុងហេតុការណ៍នេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៣៦E១ ផ្លូវលេខ១៣៦ ក្រុម ១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានជាងកំពុងតែជួសជុលនៅចំណុចកើតហេតុព្រោះទីតាំងជាហាង ខណៈពេលជាងកំពុងតែផ្សារបានធ្លាក់កំទេចដែកលើដំបូលផ្ទះបានបណ្ដាលជាអណ្ដាតភ្លើងហុយផ្សែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង ជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយក៏បន្តរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អាជ្ញាធមូលដ្ឋានបានទាក់ទងជាមួយនឹងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គិភ័យបានចេញរថយន្តអគ្គិភ័យជួយអន្តរាគន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុចំនួន៦ គ្រឿង ប្រើប្រាស់អស់ទាំង០៦គ្រឿងរួមមាន រថយន្តរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤ គ្រឿងនិងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួនពីរគ្រឿង។
លោកនាយការិយាល័យបានបញ្ជាក់ផងដែរមូលហេតុនៃការឆាបឆេះគឺបណ្ដាលមកពីជាងផ្សារធ្លាក់កំទេចដែកបង្កជាអណ្ដាតភ្លើង៕
ដោយ ៖ រ៉ារ៉ា