ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ អូស្ត្រាលីនិង កម្ពុជា នៅតែបន្ដចំណងមិត្ដភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលីបន្តផ្តល់អាហាររូបករណ៍ ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។ 

      ការបញ្ជាក់នេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគ្រាដែលលោកស្រី ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។ 

    លោក Pablo Kang បានបង្ហាញក្តីរីករាយ ដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតិឲ្យ ជំនួបនៅថ្ងៃនេះ។          លោក Pablo Kang បានបន្តថា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី បានរួមគ្នាយកចិត្តទុកដាក់លើបញ្ហាយែនឌ័រ និងផ្តោតការលើកតម្កើងស្ត្រីនៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហាស្ត្រី ក្នុងក្របខ័ណ្ឌសន្តិសុខ និងសន្តិភាព និងការរៀបចំគោលនយោបាយក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារផងដែរ ។ 

    លោកបានបន្តទៀតថា ឆ្នាំនេះ ជាខួបលើកទី ៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយក៏ជាឆ្នាំដ៏សំខាន់ដែលប្រទេសទេសអូស្ត្រាលី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោក កំពុងរួមគ្នាទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ (អូមីក្រុង) ។ ក្នុងនោះប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខាសុខាភិបាល ក៏ដូចជា ទូរក្សាវ៉ាក់សាំងដល់កម្ពុជាផងដែរ ។ 

    លោក អគ្គរដ្ឋទូត ក៏មានសង្ឃឹមផងដែរថា កម្ពុជា អាចចូលរួមក្នុងការផ្តល់ការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េ ដែលជាការរៀបចំ ជាសេចក្តីថ្លែងការណ៍ ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់នារី លើក្របខ័ណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit) ។ 

    ចំណែកឯសំណើទាក់ទងនឹងការផ្តល់អាហាររូបកណ៍ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) លោក ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បានសុំទុកពិភាក្សា និងជូនដំណឹងនៅពេលក្រោយ ។

   ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត បានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះលោក Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

    លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ ៕ 

     

ដោយ ៖ សំរិត


ចែករំលែក៖