ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូកបង្កជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡេីយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកេីតឡេីងនៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ម្ចាស់ហាង Amazing។
លោកបានបន្តទៀតថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន។
លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលេីនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង ១១៖០០នាទីនាថ្ងៃខែដដែល។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីការ ផ្សារដែកបង្កជាអគ្គិភ័យ៕
ដោយ ៖ រ៉ារ៉ា