ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់ករណីគណនីអាខោន TikTok មួយឈ្មោះថា Ka Pit ដែលបានសរសេរថា (មេចឡានទឹកមិនបាញ់ពន្លត់ចឹង រវល់តថ្លៃគ្នាសិនមែន? មិនរហ័សរហួសដូចស្រុកគេសោះ)។
ដូច្នេះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីអាខោន TikTok ឈ្មោះថា Ka Pit ដែលបានសរសេរបែបនេះ ធ្វេីឲ្យប៉ះពាល់ដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា ចំពោះករណីខាងលើនេះ គឺកេីតហេតុនៅតាមបណ្តោយផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយនៅក្នុងប្រតិបត្តិការនោះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានធ្វេីការអូសទាញទុយោចូលទៅផ្ទះ ដេីម្បីបាញ់ពន្លត់ផងដែរ។
ជាមួយគ្នានោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមឱ្យម្ចាស់គណនីអាខោន TikTok ឈ្មោះថា Ka Pit ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖សហការី