ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

# អំពីអ្នកតារក្សាស្រុក :

  នៅព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅស្រុកដទៃឯទៀតជាច្រើនដែរ គ្រប់ទីតំបន់ផ្សេងៗទោះបីស្រុកភូមិធំក្តី តូចក្តី តែងមានទេវភូតជាអ្នកបីបាច់ថែរក្សាជាធម្មតា។ ទេវភូត ទាំងនោះអ្នកស្រុកហៅថា”អ្នកតា”។

  អ្នកតាខ្លះមានការត្រួតត្រាតែលើដីមួយដុំតូច មានស្រែមួយ ឬភូមិតូចមួយជាដើម។ អ្នកតាខ្លះពូកែហើយមានឥទ្ធិឫទ្ធិគ្របដណ្ដប់លើកខេត្តមួយទាំងមូលក៏មាន។អ្នកតាខ្លះមានឈ្មោះថា”ចាស់ស្រុក” គឺថាជាចាស់ទុំក្នុងស្រុក ឬថាឃ្លាំងមឿង ប្រែថាកណ្ដាលស្រុក។ អ្នកតាខ្លះទៀតមានឈ្មោះហៅតាមដើមឈើតាមស្រះ តាមបឹងបួរ ជាទីលំនៅ ដែលខ្លួនតាំងនៅដូចជាអ្នកតាដងកើអ្នកតាទ្វារ ។ ល ។ ប៉ុន្តែមានអ្នកតាខ្លះយកឈ្មោះតាមទេព្តាព្រហ្មញ្ញសាសនាដែរ ហើយគេអាចសន្និដ្ឋានបានថា កន្លែងណាដែលមានអ្នកតានៅ កន្លែងនោះកាលពីដើមមក គឺប្រាកដជាមានព្រះវិហារតម្កល់ទេវរូប ដែលមានឈ្មោះដូចជាអ្នកតានៅ ដូចជាអ្នកតាភគណេស អ្នកតាព្រះនារាយណ៍។ ម្យ៉ាងទៀតនៅក្នុងអាស្រមអ្នកតាជាមួយនីមួយៗ គេតែងឃើញមានចំណែករូបបដិមាបុរាណដែលអាចសន្និដ្ឋានបានថា នៅកន្លែងនោះមានវិហារហើយ ដែលបាត់បង់អស់ទៅ។

  បុណ្យចំពោះអ្នកតា ជាបុណ្យរក្សាទុកនៅលំអានសាសនាដែលមានចលនាវិវត្តន៍នៅប្រទេសកម្ពុជា។ ដោយហេតុនេះហើយទើបគេអាចរកឃើញថា នៅក្នុងប្រទេសកម្ពុជា ការគោរពកម្លាំងធម្មជាតិជាលទ្ធិមួយយ៉ាងចាស់បំផុត មុនពេលដែលអារ្យធម៌ហិណ្ឌូនិងលទ្ធិព្រហ្មញ្ញសាសនាបានផ្សាយចូលមកហើយគេថែមទាំងបានសម្គាល់ឃើញថាបច្ចុប្បន្នវិវត្តន៍នេះ បណ្តាលឲ្យការគោរពសម័យបុរាណ ផ្លាស់សភាពទៅជា ពិធីខាងព្រះពុទ្ធសាសនាសុទ្ឌសាធទៅវិញ។

  យើងមិនអធិប្បាយអំពីពិធីខាងព្រះពុទ្ធសាសនាទេ ព្រោះថាពិធីព្រះពុទ្ធសាសនាច្រើនតែធ្វើជាបន្ថែមតាមទំនៀមចាស់មុននឹងបំបាត់ទំនៀមនោះបន្តិចម្ដងៗ ។ភារៈសំខាន់របស់អ្នកតាគឺត្រូវការការពារសុខទុក្ខក្នុងអាណាចក្រខេត្តរបស់ខ្លួន។ ហេតុនេះហើយបានជានៅពេលមានជំងឺរាតត្បាតសត្វ ឬ មនុស្ស ឬនៅពេលរាំងភ្លៀងម្ដងៗ អ្នកស្រុកតែងនាំគ្នាធ្វើពិធីឡើងអ្នកតា ហើយប្រហែលជាមកអំពីរឿងខាងលើនេះដែរមើលទៅបានជាគេនិយមធ្វើពិធីឡើងអ្នកតាក្នុងមួយឆ្នាំម្ដងនៅខែពិសាខ(មេសា-ឧសភា)ដែលជាខែដើមនៃរដូវធ្វើស្រែ។ ប៉ុន្តែមានអ្នកស្រុកជាច្រើនដែរដែលនិយមឡើងនៅខែចេត្រ(មីនា-មេសា)ឬ ខែជេស្ឋ(ឧសភា-មិថុនា)។

  នៅក្នុងចំណោមអ្នកតារក្សាស្រុកចាស់ៗ មានអ្នកតាមួយនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ឈ្មោះអ្នកតា ” មេស “គេយល់ថា បាភ្នំជាភ្នំ ម៉ូ-តាន ដែលអ្នកប្រវត្តិសាស្រ្តជាតិចិន តែងនិយាយថាក្នុងសតវត្សទី ៥ ព្រះឥសូរបានចុះមកផ្សាយតេជានុភាពដ៏អស្ចារ្យរបស់លោកមកលើភ្នំនោះ។សព្វថ្ងៃនេះ មានរូបសំណាកបាក់បែកអវយវៈមួយជាតំណាងអ្នកតាដែលមានក្បាច់ចម្លាក់បែបសម័យមុនអង្គរ គឺជារូបនាងផ្ចាញ់មហិស្សាសូរ។

  នៅពេលថ្មីៗនេះ គេធ្វើបុណ្យឡើងអ្នកតា” មេស” នៅថ្ងៃសៅរ៍មុនថ្ងៃពេញបូណ៌មី ខែពិសាខ។ចាស់ៗតែងដំណាលថា បានឮអំពីឪពុក ម្តាយ និយាយប្រាប់ថា  កាលជំនាន់ដើម គេធ្លាប់សម្លាប់មនុស្សបូជាអ្នកតានោះ។ ប៉ុន្តែក្រោយមកគេពិឃាតក្របីឡើងកថ្វាយអ្នកតាជំនួសមនុស្សវិញ។ នៅពេលដែលគេយកដាវទៅវ័ធផ្ដាច់កក្របី គេកំណត់យកអាការដែលឈាមបញ្ចេញ ជាទំនាយទឹកភ្លៀង ក្នុងស្រុកណា គឺថាបើឈាមបញ្ចេញទៅទិសខាងណាច្រើន នៅទោះខាងណាតិច គេអាចកត់សម្គាល់បានថា តំបន់ខាងណាមានភ្លៀងច្រើន បានផលច្រើន តំបន់ខាងណាមានភ្លៀងតិច បានផលតិចក្នុងឆ្នាំនោះ ៕(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖