គ្រាប់បាល់ចំនួន៤គ្រាប់ក្នុងរយៈពេល២២នាទីក្នុងតង់ទី២បានជួយ Chelsea ដណ្តើមបានជ័យជម្នះក្នុងការប្រកួត Premier League ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីម្ចាស់ក្លិបលោក Roman Abramovich បាននិយាយថា គាត់នឹងលក់ក្លិបនេះចេញ។
អ្នកចាត់ការទូទៅក្រុមតោខៀវលោក Thomas Tuchel បានសារភាពថាព័ត៌មាននៃការសម្រេចចិត្តរបស់មហាសេដ្ឋីរុស្ស៊ីគឺជាការរំខានមួយ ប៉ុន្តែក្រុមរបស់គាត់នៅតែធ្វើបានល្អនៅ Turf Moor ដោយសារគ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធ Kai Havertz ដែលស៊ុតបញ្ចូលទីក្រុម Burnleyនិងគ្រាប់បាល់ដំបូងរបស់ Reece James រួមទាំងគ្រាប់បាល់ទី៤របស់Christian Pulisic។
ក្រុម Burnley នឹងបាត់បង់ឱកាសនៅពេលដែលក្រុមនេះបានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ១៨ ដែលស្ថិតក្នុងតំបន់កាត់ចោល ដោយបរាជ័យជាលើកទីពីរជាប់ៗគ្នា។ ក្រោយបញ្ចប់ការប្រកួតកន្លះម៉ោង ក្រុមម្ចាស់ផ្ទះBurnley មានឱកាសម្តងពីការបញ្ជូនបាល់របស់ Ashley Westwood ប៉ុន្តែត្រូវបានអ្នកចាំទី Edouard Mendy របស់ Chelsea សង្គ្រោះបាន។
Chelsea មានការគ្រប់គ្រងច្រើនក្នុងតង់ទីមួយ ប៉ុន្តែនៅតែមិនមានគ្រាប់បាល់បញ្ចូលទី។ ចូលដល់តង់ទី២កីឡាករ James បានរកគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី៤៧ ហើយនៅនាទីទី៥៣ និង៥៥ ខ្សែប្រយុទ្ធHavertz រកបាន២គ្រាប់បន្ថែមទៀត និងនៅនាទីទី៦៩ កីឡាករ Pulisicរកបានគ្រាប់បាល់ទី៤ឲ្យ Chelsea ។
លទ្ធផលនេះធ្វើឲ្យក្រុម Chelsea បន្តឈរលេខ៣ក្នុងតារាងលីគកំពូលអង់គ្លេសដោយមាន៥៣ពិន្ទុ ក្នុង២៦ប្រកួត ខណៈដែលក្រុម Burnley បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៨ មាន២១ពិន្ទុ ក្នុង២៦ប្រកួតដូចគ្នា ។
ចំណែកក្រុមហង្សក្រហម Liverpool មានឱកាសយកបាន៣ពិន្ទុបន្ថែម ដោយគ្រាប់បាល់នៅតង់ទីមួយរបស់ Sadio Mane គឺគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យ Liverpool នូវជ័យជម្នះលើក្រុម West Ham នៅកីឡដ្ឋាន Anfield និងធ្វើឱ្យក្រុមនេះចាញ់ក្រុមកំពូលតារាង Manchester City តែ៣ពិន្ទុប៉ុណ្ណោះនៅPremier League ។
ក្រុមរបស់លោក Jurgen Klopp មានឱកាសរកបានគ្រាប់បាល់ច្រើនជាងនេះ ប៉ុន្តែនៅតែមិនអាចទៅរួច ហើយក្រុម West Ham ក៏មានឱកាសរកបានគ្រាប់បាល់តាមស្មើដែរដោយការព្យាយាមរបស់កីឡាករ Pablo Fornals និង Manuel Lanzini តែមិនមានឱកាសដ៏ល្អក្នុងការតាមស្មើ។
ក្តីសង្ឃឹមរបស់ក្រុមញញួរធំ West Ham ត្រូវបានបាត់បង់ ដោយសារការបរាជ័យនេះ ដែលធ្វើឲ្យក្រុមនេះបាត់បង់ឱកាសឡើងទៅឈរតំបន់ Top 4 ប៉ុន្តែក្រុមរបស់លោក David Moyes កំពុងមានក្តីសង្ឃឹមក្នុងការប្រកួតពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១ជាមួយក្រុមSevilla នៅថ្ងៃទី១១ ខែមីនាខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រជែងដណ្តើមពានរដូវកាលនេះអាចនឹងមានការលំបាកសម្រាប់ក្រុមអតីតម្ចាស់ជើងឯក Manchester City ដែលក្រុមនេះនឹងត្រូវប្រកួតជាមួយ Manchester United ដែលគេហៅថា Manchester Derby នៅថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Etihad រាត្រីនេះ។
លោក Klopp បាននិយាយក្រោយការប្រកួតថា “យើងអាចធ្វើបានល្អជាងនេះយើងធ្វើបានល្អក្នុងតង់ទីមួយ ប៉ុន្តែនៅតង់ទីពីរ ប្រសិនបើអ្នកមិនប្រសើរជាងនេះ អ្នកត្រូវការភាពរហ័សរហួន ហើយនោះជាអ្វីដែលយើងត្រូវការដើម្បីទទួលបានលទ្ធផល។ យើងត្រូវការសំណាងបន្តិច ប៉ុន្តែអ្នកមិនអាចឈ្នះការប្រកួតជាច្រើនជាប់ៗគ្នា ដូចដែលយើងមានដោយគ្មានសំណាងបន្តិច” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)