(តពីលេខមុន)
ពិធីបំបួសនាគអាចធ្វើនៅខែពិសាខក៏បាន លើកលែងតែខែ ៣ ដែលព្រះសង្ឃចូលព្រះវស្សាគឺចាប់តាំងពីថ្ងៃ១រោច ខែអាសាឍទៅ ប៉ុន្តែជាទំនៀមរៀងមក ពិធីបំបួសនាគហ្លួងតែងធ្វើនៅថ្ងៃ ១៥ កើតខែអាសាឍជានិច្ច គឺថាមុនថ្ងៃកំណត់ចូលព្រះវស្សា។
ក្នុងមួយឆ្នាំៗ បុត្រនៃមន្ត្រីជាន់ខ្ពស់ដែលបានចូលទៅសុំឲ្យព្រះករុណាបំបួស សុទ្ធតែមានកំណត់គឺថាយកត្រឹមតែ ១២នាក់យ៉ាងច្រើន។លើសចំនួនកំណត់នេះអ្នកចូលទៅសុំត្រូវចាំនៅឆ្នាំមុខទៀត។
មានដំណាលកាលពីព្រេងនាយមកថា មានសត្វនាគមួយតំណែងខ្លួនជាមនុស្ស ហើយចូលទៅសុំបួសយកនិស្ស័យក្នុងដំណាក់ព្រះពុទ្ធសាសនា។ ថ្ងៃមួយលោកគ្រូប្រើលោកនេនឲ្យទៅហៅជួនជាពេលនោះលោកដែលជាសត្វនាគនោះកំពុងដេកលក់ពុំដឹងខ្លួនហើយក្លាយខ្លួនទៅជាសត្វនាគពេនទ្រេលពេញក្នុងបន្ទប់។ដំណឹងនោះក៏ជ្រាបទៅដល់ព្រះបរមសាស្ដា ព្រះអង្គទ្រង់បង្គាប់ឲ្យនាគនោះចាកសិក្ខាបទទៅវិញដោយហេតុថា ច្បាប់ព្រះពុទ្ធសាសនាហាមមិនឲ្យសត្វចូលបួសផងបានទេ។ ប៉ុន្តែដោយទ្រង់មេត្តាករុណាដល់អ្នកដែលមានសេចក្តីជ្រះថ្លា និងសាសនាព្រះអង្គទ្រង់សន្យានឹងអ្នកថាចាប់អំពីថ្ងៃនេះតទៅ តថាគតសន្មត់ឲ្យនាមអ្នកសុំផ្នួសថា” នាគ” ដើម្បីជាទីរឭកដល់នាគអ្នក ហេតុនេះបានជាមានឈ្មោះថា”បំបួសនាគ” ដរាបរៀងមកទាល់សព្វថ្ងៃ។
ឯទំនៀមបំបួសនាគក៏មានលំនាំផ្សេងៗខុសគ្នាបន្តិចបន្តិចដូចជាទំនៀមធំៗដទៃទៀតដែរ មានទំនៀមខ្លះដែលគេយល់ឃើញថាមិនត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា។ គេក៏កាត់ចោលខ្លះទៅហេតុនេះយើងសូមជម្រាបថាសេចក្តីអធិប្បាយអំពីពិធីបំបួសនាគដែលយើងនឹងធិប្បាយជូនក្នុងទីនេះ ពុំមែនជារបៀបតួយ៉ាងដែលត្រូវតែធ្វើតាមនោះទេគឺជារបៀបទំនៀមយ៉ាងសង្ខេបមួយដែលគេធ្លាប់បានឃើញធ្វើមកហើយ។
មុនថ្ងៃបំបួលនាគចំនួនបួនទៅប្រាំថ្ងៃ អ្នកដែលត្រូវចេញទៅបួសត្រូវកាន់ទៀនធូបទៅជំរាបលាបងប្អូន និងញាតិមិត្តរបស់ខ្លួនដើម្បីឲ្យគេបានដឹងផងថា ខ្លួននឹងចូលទៅបម្រើព្រះពុទ្ធសាសនាហើយ។
ទំនៀមដែលយើងអធិប្បាយដូចតទៅនេះ ជាទំនៀមដែលគេធ្វើនៅគេហដ្ឋានសាមីខ្លួនក៏បានឬក៏ធ្វើនៅទីអារាមក៏បាន ប៉ុន្តែវិធីខ្លះគេលះបង់អស់ហើយ។
បើបំបួសសាមណេរ ត្រូវមានរៀបចំត្រៃចីវរ បាត្រ កន្ទេល ។ ខ្នើយបើបំបួសជាភិក្ខុវិញត្រូវមានកាំបិតកោរ ថ្មសំលៀង បំពង់ម្ជុលថែមលើបរិក្ខារខាងលើនេះទៀតទើបគ្រប់។ ក្រៅអំពីបរិក្ខារទាំងនេះមានដបទឹកអប់បាយសីធំមួយធ្វើដើមចេកមួយដើមដែលមានកម្ពស់ត្រឹមមនុស្សឈរ។ បាយសីនោះមាន ១៩ ដែលជាតំណាងព្រលឹងមនុស្សទាំង ១៩ ប៉ុន្តែមានអ្នកខ្លះធ្វើសង្ខេបត្រឹមតែ ៩ ។ នៅលើកំពូលបាយសីមានកន្ទោងស្លឹកចេកមួយដាក់បាយព្រលឹង ១៩ ឬ ៩ ពំនូតមានសាជីធ្វើដោយស្លឹកចេកគ្របពីលើហើយនៅកំពូលសាជីមានដោតទៀនរាយមួយផង គេយកស្លឹកចេក ៣ ធាងមករុំព័ទ្ធបាយសីនោះមួយជុំពីក្រៅទៀត។
លុះរៀបគ្រឿងបរិក្ខារដូចបានពោលមកនេះជាជួរតាមលំដាប់ស្រេចហើយ នាគត្រូវចូលទៅអង្គុយជិតបាយសីធំដើម្បីស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តដោយមានឪពុកម្ដាយបងប្អូនញាតិមិត្តអមផងហៅព្រលឹងនាគ។ គ្រានោះអាចារ្យកាន់អំពៅខ្មៅមួយដែលគេទុកស្លឹក២ឬ៣ នៅចុងហើយចងអោយមានទំនាក់ទំនងដូចចំពុះបក្សី។ អាចារ្យកាន់ដើមអំពៅបង្វែរចំពោះទៅគ្រប់ទិសឲ្យហៅព្រលឹងឲ្យនាគ។ បន្ទាប់មកគេរៀបធ្វើធ្មេញឲ្យនាគទៀត។
កាលជំនាន់ដើមនៅពេល បំបួសនាគក្តី នៅពេលរៀបអាពាហ៍ពិពាហ៍ក្តី គេនិយមយកម្រ័ក្សណ៍បុកលាយនិងរុក្ខជាតិខ្លះទៀតដើម្បីយកទៅលាបធ្មេញសាម៉ីខ្លួនឲ្យមានសម្បុរខ្មៅស្រិលមែនមែន។ សព្វថ្ងៃនេះអាចារ្យគ្រាន់តែរៀបធ្វើធ្មេញបំពេញកិច្ចទេ ។ តមកទៀតអាចារ្យរៀបចំបញ្ចុកបាយនាគគឺគេយកបាយព្រលឹងទៅដាក់ក្នុងទឹកដូងហើយបញ្ចុកមាត់នាគទៅ រួចហើយទើបយកអំបោះជ្រលក់ក្នុងទឹកមន្តចងដៃនាគ។ បន្ទាប់មកទៀតពួកក្រុមញាតិសាច់សាលោហិតអង្គុយជារង្វង់ជុំវិញនាគ ហើយរៀបបង្វិលពពិលហើយបក់ផ្សែងសំដៅទៅរកអ្នកផងគ្រប់គម្រប់កំណត់ជំុ ហើយអាចារ្យពន្លត់ទៀនរួចយកកំញមលាយជាមួយនឹងទឹកអប់បន្តិចយកទៅលាបចិញ្ចើមនិងថ្ងាសនាគ ៕ (នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត