ព័ត៌មានទាន់ហេតុការណ៍៖

តូយ៉ូតាកាមរីបាឡែនពន្លះជាមួយសាំយ៉ុងក្នុងទិសដៅបញ្ច្រាសទិសគ្នាស្លាប់២នាក់របួសធ្ងន់២

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២  ស្ថិតនៅលើផ្លូវ លេខ៣១ ចន្លោះគីឡូម៉ែត្រលេខ​ ២ -៣ក្នុងភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

 សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿង​ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 2X-2631 (អ្នកបើកបរគេចខ្លួនបាត់)​ ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើក៏បាន​ឡើងវ៉ាជែងរួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចំពីមុខពេញមួយទំហឹងតែម្តង ដែលរថយន្តមួយគ្រឿងទៀតនោះម៉ាកសាំយ៉ុង ពណ៌បៃតង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BA-6417 បើកបរដោយឈ្មោះ អន​ រ៉ូ ភេទប្រុស​ អាយុ២៥ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី នៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ​ ខេត្តកំពត​ (រង​របួសធ្ងន់)​ មានអ្នករួមដំណើរក្នុងរថយន្តមួយចំនួនទៀតដែលមានឈ្មោះ៖ ទី១.ឈ្មោះ​ សែស​ រ៉ាម៉ុន ភេទស្រី​ អាយុ២៦ឆ្នាំ មុខរបរកសិករ​ នៅភូមិឃុំជាមួយគ្នា​ (រង​របួសធ្ងន់)​ អង្គុយនៅកៅអីក្រោយជាមួយកូន (ត្រូវជាប្រពន្ធតៃកុង), ទី២.ឈ្មោះ​ គៀ ហាក់ស៊ីព័រ ភេទប្រុស​ អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក នៅភូមិឃុំជាមួយគ្នា​ (ស្លាប់នៅកន្លែងកើតហេតុ)​ អង្គុយនៅកៅអីក្រោយជាមួយម្តាយ (ត្រូវជាកូនតៃកុង)​ និងទី៣.ឈ្មោះ​ ប៉ែន​ ជ្រិន ភេទប្រុស​ អាយុ៨៤ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ​ ខេត្តកំពត​ (ស្លាប់នៅកន្លែងកើតហេតុ)​ អង្គុយនៅកៅអីខាងមុខ ដែលបើកបរមកពីទិសខាងជើង។ អ្នករបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។  សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាមូលហេតុបណ្តាលមកពីរថយន្តតូយ៉ូតាកាមរីបាឡែនឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងរួចកសាងសំណុំរឿងទៅតាមនីតិវិធី និងបានប្រគល់សពទាំងពីរជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងខាងលើរងការខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

ដោយ៖ ស សម

 


ចែករំលែក៖