ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យនិងព្យាបាលជំងឺទូរទៅជូនពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកថាឡាបរីវ៉ាត់ចងចាំមិនភ្លេច

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ជាង៣.៨០០នាក់ថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យនិងព្យាបាលជំងឺទូរទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាដ៏មានតំលៃ បានចុះមកដល់មូលដ្ឋានផ្ទាល់ ក្នុងការពិនិត្យនិងព្យាបាលជំងឺទូរទៅ ជូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់។

ក្នុងសកម្មភាពមកទទួលសេវា សុខាភិបាលដោយឥតគិតថ្លៃនេះ ដឹកនាំដោយលោក លេង ថាលី តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោកឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកស៉ី សួន អភិបាលរងខេត្ត តំណាងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី០៧  ខែមីនា ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស្រុកថាឡាបរីវ៉ាត់ ទល់មុខប្រាសាទព្រះគោ ស្ថិតក្នុងភូមិឃុំថាឡា ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

លោក យាយ វ៉ាន់លឿង អាយុ៧៤ឆ្នាំ  រស់នៅភូមិ ឃុំថាឡា  តំណាងប្រជាពលរដ្ឋមកទទួលយកសេវាសុខាភិបាលនេះ  បានបញ្ជាក់ថា: បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសម្ដែងនូវការពេញចិត្ត និងគាំទ្រផ្នែកសេវាសុខាភិបាល ដ៏ល្អប្រសើរនេះ ព្រោះវាជាកិច្ចការងារ មនុស្សធ៌មបានមកជួយប្រជាពលរដ្ឋដោយឥតរើសអើង។

លោកយាយបន្តថា: ថ្វីត្បិតតែសកម្មភាពការចុះមកព្យាបាលជំងឺ មានរយៈពេលខ្លីក៏ពិតមែន  តែបានបង្ហាញនៅកាយវិការដ៏ល្អនិងស្រឡាញ់ប្រជាពលរដ្ឋយើងមកដល់ទីជនបទ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នឹករលឹកនិងដឹងគុណមិនភ្លេច នូវសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី នូវទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់។

លោកវេជ្ចបណ្ឌិតលេង ថាលី ប្រធានក្រុមដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានផ្តល់ប្រឹក្សា ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលយកថ្នាំពេទ្យពីគ្រូពេទ្យ  ត្រូវយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាដើម្បីឱ្យការព្យាបាលជំងឺមានប្រសិទ្ធភាព ។ 

លោក ស៊ី សួន អភិបាលរង ខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា: នេះជាការយកចិតទុកដាក់ពីរាជរដ្ឋាភិបាល ហើយក្នុងនាមអាជ្ញាធរខេត្តសូម គាំទ្រចំពោះសកម្មភាពដ៏មានតម្លៃនេះជាពិសេសក្រុមគ្រូពេទ្យ ចំនួន៣០០នាក់បានចំណាយកម្លាំងកាយចិត្ត មកបំពេញកិច្ចការងារមនុស្សធម៌ បំរើប្រជាពលរដ្ឋបានល្អប្រសើរ។ 

លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានមានប្រសាសន៍ចាក់ទុកថា: នេះជាវប្បធម៌សាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភគាំទ្រ និងបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាលរបស់រាជរដ្ឋភិបាល សំដៅចូលរួមជាកម្លាំងចលករមួយ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិនិងប្រជាជនកម្ពុជាយើង។ 

សូមបញ្ជាក់ថា: នេះជាលើកទី២ហើយនៅនៅដើមឆ្នាំ២០២២នេះដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមកដល់ខេត្តស្ទឹងងត្រែងផ្តល់ថ្នាំព្យាបាលជំងឺទូរទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំង២លើកលើកទី១នៅស្រុកសេសាន និងលើកទី២នៅក្នុងស្រុកថាឡាបរិវ៉ាត់ សរុបជាង៥.០០០នាក់។

ដោយ៖ មាស សុផាត


ចែករំលែក៖