ភ្នំពេញ ៖ ពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្រោមមូលបទ៖ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។
សូមបញ្ជាក់ថា, ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ៖ សមភាព យេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋលេខាធិការ មឹន មាណវី ប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសមាគមស្ត្រីកម្ពុជា តំណាងក្រសួងកិច្ចការនារី និងមន្ត្រីរាជការជា ស្ត្រីរបស់ក្រសួងផងដែរ។
ពិធីនេះរៀបចំឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក៏ដូចជាដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីក្រសួង សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់និងផ្ដល់តម្លៃដល់មន្ត្រីរាជការជា ស្ត្រីស្របតាមឆន្ទៈ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងតម្លៃ ស្ត្រីយ៉ាងពិតប្រាកដ។
ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រីឱ្យបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការអប់រំ ការបណ្តុះបណ្តាល និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើន ថែមទៀតនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការផ្ដល់តួនាទីជូនមន្ត្រីរាជការជាស្ត្រី ក្នុងនោះនៅក្នុងឆ្នាំ២០១៦ មានស្ត្រីដែលមានតួនាទីមានចំនួន៦២រូប និងបានកើនឡើងដល់១៣៧រូបក្នុងឆ្នាំ២០២២ ជាការបង្ហាញថាស្ត្រីមាន សមត្ថភាពអាចធ្វើបានដូចបុរសដែរ និងបានបញ្ជាក់បន្ថែមទៀតថា៖ តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាមទារឱ្យក្រសួងមានការផែនការបណ្ដុះបណ្ដាលស្រ្តីបន្ថែមទៀត ដើម្បីស្ត្រីមានតួនាទីកាន់តែ ច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ និស្សិតឆ្នាំទីពីរដែលបានប្រឡងចូលរៀននៅ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានចំនួន ១៩១ រូប ក្នុងនោះនិស្សិតជាស្ត្រីមានចំនួន ៥០% ហើយថ្នាក់ដឹកនាំក្រសួងបានឯកភាពបញ្ចុះតម្លៃអាហារូបករណ៍៥០% ឱ្យទៅនិស្សិតជាស្ត្រី ទាំងនោះ និងបានស្នើសុំឱ្យវិទ្យាស្ថានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់មន្ត្រីរាជការជាស្ត្រីដោយផ្ដោតជាសំខាន់លើការជំរុញស្ត្រីឱ្យក្លាយជាថ្នាក់ដឹកនាំ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីរាជការជាស្តី្រនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រីឱ្យកាន់តែទូលំទូលាយ និងបានណែនាំឱ្យលោកជំទាវប្រធានសមាគមនារីក្រសួងរួមជាមួយថ្នាក់ដឹកនាំសិក្សាលទ្ធភាពតែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកបានយកចិត្តទុកដាក់តែងតាំងអភិបាលរងខេត្តជាស្ត្រី។
គួរកត់សម្គាល់ថា៖ ការកំណត់យកមូលបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត សម្រាប់ទិវាស្ត្រីឆ្នាំនេះ សំដៅលើការលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រដែលជាកិច្ចការអន្តរវិស័យក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ៕
ដោយ ៖ សិលា