ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដោយជោគជ័យនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបាននៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ទេីបកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចសណ្ឋាគារ ម៉ាន់ស៉ីគ័ង ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 9171185 និងបានដកហូតកាំភ្លើងខ្លី មួយដេីម ម៉ាក BERETTA (ប្រេីហ្គាស), ប្រាក់ដុល្លារសែន០១ដុំ និងទូរស័ព្ទ ០១គ្រឿង។ ចំណែកជនរងគ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 88842731 ដោយជនសង្ស័យបានយកខ្សែចងដៃចងជេីងជាប់ ហេីយច្របាច់បំពង់កផ្ទប់ផ្លូវដង្ហេីមរហូតដល់ស្លាប់នៅនឹងកន្លែងកេីតហេតុ។
សូមជម្រាបថា នៅវេលាម៉ោង១ៈ០០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើងស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ជាន់ទី០១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ ហើយកម្លាំងជំនាញក៏បើកការស្រាវជ្រាវតែម្ដង។
បច្ចុប្បន្នជនដៃដល់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា