រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី៧ខែមីនាបានសម្រេចអនុម័តបញ្ជីឈ្មោះប្រទេសនិងដែនដីនៅក្រៅប្រទេសដែលមានសកម្មភាពមិនជិតស្និទ្ធជាមួយរុស្ស៊ី ក៏ដូចជាបណ្តាក្រុមហ៊ុន និងពលរដ្ឋនៅក្នុងប្រទេសទាំងនោះ។
នៅក្នុងបញ្ជីឈ្មោះនោះ មានអាមេរិក កាណាដា និងបណ្តាប្រទេសតំបន់អឺរ៉ុប អង់គ្លេស។ ក្រៅពីនេះមាន កោះ Anguilla , Virgin ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស កោះតៃវ៉ាន់ ប្រទេស អ៊ុយក្រែន ស្វុីស អាល់បានៀ អង់ដូរ៉ា អាយឡែន មូ៉ណាកូ ន័រវេស នូវែលហ្សេឡង់ អូស្ត្រាលី សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន។
ក្នុងពេលនេះដែរ ជប៉ុនបានប្រកាសបង្កកទ្រព្យសម្បត្តិនៃក្រុមមន្ត្រី រួមទាំងអភិជន ឬមហាសេដ្ឋីរុស្ស៊ី និងបេឡារូសចំនួន៣២នាក់បន្ថែមទៀត ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ជប៉ុនក៏នឹងហាមឃាត់ការនាំ
ចេញបរិក្ខារចម្រាញ់ប្រេងទៅកាន់ រុស្ស៊ី ក៏ដូចជាការនាំចេញបរិក្ខារនានាសម្រាប់ក្រសួងការពារជាតិបេឡារូសផងដែរ។
ការប្រកាសពីការបង្កកទ្រព្យសម្បត្តិ នឹងត្រូវអនុវត្តលើក្រុមមន្ត្រី និងអភិជនរុស្ស៊ីចំនួន២០នាក់ និងបេឡារូស១២នាក់។ ចំណែកឯ ក្រុមមន្ត្រីរុស្ស៊ី ដែលនឹងត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិ រួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និងមេដឹកនាំឆេកឆិនរុស្ស៊ី លោក Ramzan Kadyrov៕
ដោយ៖ ធីរីណា(រូបថត៖Thepaper)