នៅថ្ងៃទី៨ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ជាការប្រឆាំងនឹងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ប៉ុន្តែវិស័យពាណិជ្ជកម្មរវាងចិននឹងរុស្ស៊ីបានកើនឡើងខ្ពស ក្នុងរយៈពេលដើមឆ្នាំ២០២២នេះ។
នៅពេលនេះដែរ ជប៉ុនបានបង្កើនការដាក់ទណ្ឌកម្មបង្កកប្រាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីនិងបេឡារូស ៣២រូប។ ជាមួយគ្នានេះដែរអូស្ត្រាលីក៏បានប្រកាសគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី។ នៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម មានបុគ្គល១០រូប ដែលមានឥទ្ធិពលក្នុងប្រទេសរុស្ស៊ីស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះ ។ ចំណែកប្រទេសកាណាដាក៏ដូចគ្នានោះដែរ នឹងបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។
បើទោះបីមានការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចក្តី តែទំហំពាណិជ្ជកម្មចិន-រុស្ស៉ី បានកើនឡើងជិត៤០ភាគរយសម្រាប់ខែ មករា-កុម្ភៈ ឆ្នាំ២០២២ បើប្រៀបធៀបជាមួយឆ្នាំមុន។
សារព័ត៌មាន TASS នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានផ្សាយថា អគ្គរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិននឹងរុស្ស៉ីសម្រាប់ខែមករា-ខែកុម្ភៈ ឆ្នាំនេះ បានកើនក្នុងអត្រា៣៨.៥ភាគរយ គឺឡើងដល់២៦.៤៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានបន្តថា ការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៉ី បានកើនឡើង៤១.៥ភាគរយ ក្នុងរយៈពេល២ខែនោះ ហើយស្មើនឹងខ្ទង់១២.៦២ពាន់លានដុល្លារ។ រីឯការនាំចូលនៃទំនិញក៏ដូចជាសេវាកម្មរបស់រុស្ស៉ី មកកាន់ប្រទេសចិនវិញ បានកើនដល់៣៥.៧ភាគរយ គឺដល់ទំហំ១៣.៨១ពាន់លានដុល្លារ។
ទំហំនៃការធ្វើពាណិជ្ជកម្មរវាងចិននឹងរុស្ស៉ី កាលពីឆ្នាំ២០២០ បានថយចុះ២.៩ភាគរយ គឺចុះមកនៅត្រឹម ១០៧.៧៦ពាន់លានដុល្លារ ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ប៉ុន្តែនៅក្នុងឆ្នាំ២០២១ វាបានកើនឡើងវិញ ៣៥.៨ភាគរយ ដោយឈានដល់ទំហំកំណត់ត្រាមួយគឺ ១៤៦.៨៨ពាន់លានដុល្លារ៕
ដោយ៖ធីរីណា(រូបថត៖ TTXVN )