ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាឡាំប្រឺតា(ម៉ូតូ​កង់​៣)ឈប់ចតកកស្ទះចរាចរណ៍នៅផ្លូវលេខ២៧១​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះរៀបចំសណ្តាប់ធ្នាប់​​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្លូវ​លេខ​២៧១​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។

បេី​យោង​តាមប្រភពព័ត៍មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញ​របស់​ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំពោះការឈប់ចតរបស់ឡាំប្រឺតា ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងពិបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។ 

សូមជម្រាបថា​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ ប៉ុន្តែ​ចំពោះ​អ្នកល្មេីសច្បាប់ចរាចរណ៍​ទាំងនោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ ចុះអនុវត្តវិធានការ​ ដោយចាប់យកមកធ្វេីការផាកពិន័យផងដែរ។ ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងជំនាញ​របស់​អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ​ បានចុះ​យុទ្ធនាការរៀប​សណ្តាប់ធ្នាប់សាធារណៈ​ ក្នុងមូលដ្ឋាន​រៀងរាល់​ថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ 

គួររម្លឹកថា​ កន្លងទៅ​ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល ​ត្រូវបានកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យ​ បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក៕

ដោយ​៖ស​ តារា​


ចែករំលែក៖