ភ្នំពេញ ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើនៅចុងខែមីនានេះ នឹងត្រូវលើកពេលទៅថ្ងៃខាងមុខវិញ។
អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនេះជាប់រវល់។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ៖ “បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង”។
អ្នកនាំពាក្យបានបន្ថែមថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។
សូមរម្លឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានប្រទេសជាសមាជិកអាស៊ានចំនួន ០៣ប្រទេស ដែលមិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បាន សម្រាប់កាលបរិច្ឆេទ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមីនា ខាងមុខនេះ៕
ដោយ៖ សូរិយា