ខេត្តកំពង់ធំ៖ បេីតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ កម្លាំងជំនាញបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកនៃអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ចប់កិច្ចប្រតិបតិ្តការដោះ បន្សាបគ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង ២៣០គីឡូក្រាមទម្លាក់ពីយន្តហោះ ស្ថិតនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយជោគជ័យ។
សូមជម្រាបថា កម្លាំងជំនាញ កាលពីថ្ងៃទី៨ខែមីនា បានបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ បានចាប់ផ្តើមបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងលាក់ខ្លួនក្នុងជម្រៅទឹកជិត៥ម៉ែត្រ។
គួរបញ្ជាក់ថា គ្រាប់បែកនេះត្រូវបានប្រទះឃើញដោយអ្នកនេសាទត្រីតាមដងស្ទឹងសែន ដែលអ្នកជំនាញសន្និដ្ឋានថា អាចជាគ្រាប់បែកនៃត្រកូល MK ទម្លាក់ពីយន្តហោះ។ ដើម្បីធានាសុវត្ថិភាពក្នុងការបោសសម្អាតក្រុមអ្នកជំនាញស៊ីម៉ាក់បានប្រើឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីស្គែនពិនិត្យមើលក្រោមបាតទឹកឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមកិច្ចប្រតិបតិ្តការ៕
ដោយ៖សហការី