រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា ស្ថានភាពនៃតម្លៃប្រេងកើនឡើងខ្ពស់ដោយសារតែផលប៉ះពាល់បង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនដែលនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យថាមពលប្រេងដូចនៅឆ្នាំ១៩៧៣។
សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៩ខែមីនាថា វិបត្តិថាមពលប្រេងនៅពេលនេះគឺពិតជាធ្ងន់ធ្ងរប្រហាក់ប្រហែលនឹងវិបត្តិប្រេងកាលពីឆ្នាំ១៩៧៣នោះដែរ។
លោក Bruno Le Maire បានរំលឹកឡើងវិញពីតម្លៃប្រេងនៅឆ្នាំ ១៩៧៣ដែលបាននាំឱ្យមានការតក់ស្លុតនៃអតិផរណា ដោយបង្ខំឱ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់ក្នុងពេលដំណាលគ្នា ដែលរារាំងដល់កំណើនសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា អតិផរណាដែលនៅទ្រឹងនេះគឺជាអ្វីដែលពិភពលោកត្រូវជៀសវាងនៅឆ្នាំ២០២២។
នៅឆ្នាំ១៩៧៣ ដោយសារតែសង្គ្រាមរវាងកម្លាំងទាហានអេហ្ស៊ីប និងស៊ីរី ជាមួយប្រទេសអុីស្រាអែលបង្កឱ្យមានវិបត្តិប្រេង។ ក្នុងពេលនោះប្រទេសអារ៉ាប់ចំនួន៦ នៅក្នុងអង្គការOPEC បានហាមលក់ប្រេងទៅឱ្យប្រទេសអុីស្រាអែល និងប្រទេសដែលគាំទ្រអុីស្រាអែលនៅក្នុងសង្គ្រាមនោះ ដែលមានអាមេរិកជាដើម។ ការហាមប្រាមនោះបានធ្វើឱ្យតម្លៃប្រេងលើពិភពលោកធ្លាក់ក្នុងវិបត្តិ ដោយតម្លៃប្រេងឡើងថ្លៃខ្ពស់ដល់ទៅ៤ដង។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង គឺក្រោយពេលអាមេរិកនិងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី បានជំរុញឱ្យតម្លៃប្រេងកើនឡើងដល់ទៅ១៣០ ដុល្លារក្នុង១បារ៉ែល។
ជាមួយគ្នានេះដែរអង្គការ OPEC ក៏បានប្រកាសថា មិនមានប្រទេសណាមួយអាចជំនួសរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងដល់ពិភពលោកនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត៖TTXVN