ព័ត៌មានទាន់ហេតុការណ៍៖

បទអន្តរាគមន៍ក្នុងសិទ្ធិឆ្លើយតប របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ បទអន្តរាគមន៍ក្នុងសិទ្ធិឆ្លើយតប របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក

នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ចេញលិខិតបទអន្តរាគមន៍ក្នុងសិទ្ធិឆ្លើយតបរបស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២

ឯកឧត្តមអនុប្រធាន

1. គណៈប្រតិភូយើងខ្ញុំ សូមប្រើសិទ្ធិឆ្លើយតប ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក។

2. ប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបមើ្រ របៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្ដុង្គ ឧត្ដមនេះ បានដឹងឮយ៉ាងច្បាស់។

3. ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនធ្វើនយោបាយូបនីកម្ម យើងខ្ញុំសូមឆ្លៀតឱកាសនេះលើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជាដូចតទៅ៖

4. ទី១៖ ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែ សោះ។ ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ មិនមែនជា អាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។ បុគ្គលរងការចោទប្រកាន់ គឺ ផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណា នោះទេ។ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពាន ច្បាប់ ក៏ត្រូវបានផ្តន្ទាទោស ដោយតុលាការដូចគ្នារបស់កម្ពុជា។

5. ទី២៖ យើងខ្ញុំជំទាស់ចំពោះការចោទប្រកាន់អំពីការបិទលំហសង្គមស៊ីវិល។ តួលេខប្រាប់ពីការ ពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការមិន មែនរដ្ឋាភិបាលដែលបានចុះបញ្ជី នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស ខំស្រែក ទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅវិញ។

6. ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យ រួចហើយលើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើ វិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាលពីរដងក្នុងមួយឆ្នាំផងដែរ។

7. ទី៣៖ ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូសហរដ្ឋអាមេរិកស្វែងយល់ អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទងនឹងសំណួរន ការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។

ឯកឧត្តមអនុប្រធាន

ខ. ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យ សោកស្ដាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវ បញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទិ្ធមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នៅឆ្នាំ ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយ ត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមានសភា។ ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង ៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃ បញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ។

9. យើងខ្ញុំទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ នាពេលកន្លងមកថា “សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ ដោយ ស្តង់ដារពីរឡើយ។ ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។

10. ចុងបញ្ចប់ ការលើកតម្កើងសិទ្ធិនិងសេរីភាពទាំងអស់ គឺជាគោលដៅចុងក្រោយរបស់គ្រប់ ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ដូចដែលឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖