ខេត្តកំពង់ស្ពឺ ៖ បុរសជាប្អូនថ្លៃម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន ខណៈដែលបុរសជាប្អូនថ្លៃខាងលើ បានទាញដំបងរកវាយបងថ្លៃ ព្រោះតែរឿងវាយបំផ្លិចចបំផ្លាញបន្ទប់ទឹកមិនព្រមធ្វើសងវិញ ។ ហើយថែមទាំងទាញដំបងប្រុងវាយបងថ្លៃថែមទៀតផង ប៉ុន្តែត្រូវបានប្រពន្ធឃាត់ទាន់ ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីគំរាមវាយសម្លាប់បងថ្លៃ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ ប៊ុន រដ្ឋានី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិតាមេញ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាសាំង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ដោយសារតែប្អូនថ្លៃទាញដំបងដេញវាយរូបខ្លួន។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឈ្មោះ ហៃ ប្រសិត ភេទប្រុស អាយុ២៨ឆ្នាំ (ត្រូវជាប្អូនថ្លៃ) រស់នៅភូមិជាមួយគ្នា បានយកដំបងឈើបម្រុងមកវាយរូបខ្លួន ប៉ុន្តែត្រូវបានប្រពន្ធឈ្មោះ ហៃ ប្រសិត ចាប់ជាប់។ បន្ទាប់មក ឈ្មោះ ហៃ ប្រសិត បានជេរប្រមាថ និងគំរាមសម្លាប់មកលើរូបខ្លួន និងក្រុមគ្រួសារថែមទៀតផង ។
ក្រោយទទួលបានពាក្យបណ្ដឹងរបស់បុរសជាបងថ្លៃរួចមក នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាសាំង បានចុះទៅធ្វើការឃាត់ជនសង្ស័យ យកមកសាកសួរ ជនសង្ស័យជាប្អូនថ្លៃបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើពិតប្រាកដមែន។
មូលហេតុដែលរូបគេទាញដំបងរកវាយបងថ្លៃរូបនោះ ព្រោះតែខឹងបងថ្លៃនិយាយដៀមដានរឿងវាយបន្ទប់ទឹក ។ សូមបញ្ជាក់ថា ឈ្មោះ ហៃ ប្រសិត (ជាប្អូនថ្លៃ) បានវាយបំផ្លិចចបំផ្លាញបន្ទប់ទឹករបស់បងថ្លៃ ហើយមិនព្រមធ្វើសងវិញ ទើបមានរឿងឈ្លោះគ្នាឈានទៅជេរប្រមាថ និងគំរាមសម្លាប់តែម្តងទៅ ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យជាប្អូនថ្លៃ រួមជាមួយនឹងវត្ថុតាង នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច