ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណជា ១៦៥ ទទួលបាន ព្រះរាជអំណោយដ៏ថ្លៃថ្លាពី ព្រះករុណា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណជា ១៦៥ គ្រួសារក្នុងខេត្តឧត្តរមានជ័យ ទទួលបាន ព្រះរាជអំណោយដ៏ថ្លៃថ្លាពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ 

សូមបញ្ជាក់ថា, នារសៀលថ្ងៃព្រហស្បតិ៍​ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួង ព្រះបរមរាជវាំង អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ទៅចែក ជូនបងប្អូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦៥ គ្រសារ ស្ថិតនៅក្រុងសំរោង ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះដែរ លោក គុយ សុផល បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គទាំងទ្វេរ តែងយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជារាស្ត្រគ្រប់ៗរូបរបស់អង្គ។

ព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីនាពេលនេះមាន៖

អង្ករចំនួន ៥០គីឡូក្រាម, ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១), មីចំនួន ២កេស, ត្រីខចំនួន ១០កំប៉ុង, តង់កៅស៊ូចំនួន ១ ផ្ទាំង, អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១, ម៉ាសចំនួនមួយដុំមាន១០ បន្ទះ, ថវិកាចំនួន ៨០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរលំផ្ទះ ក្នុងនោះព្រះករុណាព្រះមហាក្សត្រចំនួន ៤០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រីចំនួន ៤០ ម៉ឺនរៀល ដោយឡែកថវិកាចំនួន ៤០ ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលផ្ទះ ដោយក្នុងនោះព្រះករុណាព្រះមហាក្សត្រចំនួន ២០ ម៉ឺនរៀល និងសម្ដេចព្រះមហាក្សត្រីចំនួន ២០ ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖