ភ្នំពេញ៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថាមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ជារៀងរាល់ថ្ងៃតែងតែចុះត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេស នៅតែរកឃើញទីតាំងមួយចំនួនមិនមានអនុលោមភាព ហេីយត្រូវបានមន្រ្តីជំនាញ ចាត់វិធានការតាមច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំងនោះផងដែរ។
ជាក់ស្ដែងមន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៤ទីតាំងបន្ថែមទៀតនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ចរបស់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។
មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបន្ថែមថា៖ តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី