ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ”

ចែករំលែក៖

ភ្នំពេញ ៖  “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ”។នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ 

 លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា, ដោយសារកត្តាសង្គ្រាម ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលជាយុវជនជំនាន់មុន មិនទទួលបានការសិក្សារៀនសូត្រពេញលេញនៅក្នុងសាលារៀននោះទេ ប៉ុន្តែអ្នកទាំងនោះបានខិតខំ ពុះពារ លះបង់គ្រប់យ៉ាង រហូតដល់ការនាំមកបាននូវដោយជោគជ័យនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់កម្ពុជា។ យុវជនជំនាន់ក្រោយពិតជាស្ងើចសរសើរចំពោះស្មារតី ការលះបង់ និងឆន្ទៈដែលកាត់ថ្លៃមិនបាននេះ។ យើងទាំងអស់គ្នាប្តេជ្ញាបន្តថែរក្សា នូវអ្វីដែលយុវជនជំនាន់មុនបានបន្សល់ទុក  ហើយបន្តសិក្សា រៀនសូត្រ  ហ្វឹកហាត់សមត្ថភាព ក៏ដូចជាពង្រឹងសតិអារម្មណ៍ ស្មារតី  ឆន្ទ: និងត្រៀមខ្លួនតស៊ូ  លុតដំ លះបង់ នៅពេលដែលប្រទេសជាតិត្រូវការយើង។

 លោកធ្លាប់លើកថា, «ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រិត»។ 

ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងារជាមួយអ៊ំ ពូ មីង ជាកម្មាភិបាលគណបក្សប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ  និងដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ ខ្ញុំអាចបញ្ជាក់បានថា កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ ពិតជាបានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ។

ការលើកឡើងនេះ គឺក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ៕


ដោយ ៖ សិលា


ចែករំលែក៖