ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរបស់ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទ ការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្តល់ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះហើយបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។
ខណៈដែលក្រសួងគាំទ្រសិទ្ធិស្របច្បាប់ក្នុងការធ្វើកូដកម្ម ក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មិនអនុញ្ញាតឱ្យបុគ្គលិកដែលមិនពេញចិត្តធ្វើការប្រមូលផ្តុំជាទ្រង់ទ្រាយធំក្នុងកាលៈទេសៈនេះឡើយ ដោយសារ តម្រូវការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាឱ្យប្រជាជនកម្ពុជាទាំងអស់មានសុវត្ថិភាព។ អ្នកដែល នៅតែទទូចធ្វើការប្រមូលផ្តុំ ដើម្បីបង្ហាញពីការទាមទាររបស់ពួកគេចំពោះក្រុមហ៊ុន ណាហ្គាវើលដ៍ គឺបានបំពាន គោលនយោបាយយ៉ាងតឹងរ៉ឹងរបស់ក្រសួង និងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ នឹងត្រូវបណ្តេញចេញដោយ សន្តិវិធី ហើយប្រឈមនឹងការបាត់បង់ផលប្រយោជន៍របស់ពួកគេ។
ដោយសារតែរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ មកលើវិស័យទេសចរណ៍ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានកាត់បន្ថយបុគ្គលិកចំនួនប្រហែល ២៥% មកនៅត្រឹមជាង ៦ ០០០នាក់។ បុគ្គលិកប្រហែល ៤២% នៅ ជាសមាជិកសហជីព។
កម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីព បានជំទាស់នឹងគម្រោងកាត់បន្ថយ បុគ្គលិក ហើយកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញ រួមនឹងការ ទាមទារផ្សេងទៀត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយវិវាទការងារនេះ រវាងក្រុមហ៊ុន និងកម្មករនិយោជិតរបស់ក្រុមហ៊ុន។
តាមសំណើរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់ការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១.តទៅ ហើយកំណត់ថាជាកូដកម្មខុសច្បាប់។ ប៉ុន្តែ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតមួយចំនួននៅតែធ្វើកូដកម្ម។
ចាប់ពីថ្ងៃទី១៨ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបាន ចំនួន ៧លើក។ គ្រប់ពេលចរចាកម្មករនិយោជិតដែលមិនសប្បាយចិត្តចំនួន ៣៧៣នាក់ នោះ នៅតែបន្ត ទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកពួកគេឱ្យចូលធ្វើការវិញ ទើបពួកគេចេញចំណុចទាមទារបន្ថែមទៀត។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២. អតីតបុគ្គលិកចំនួន ១៥៣នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រម ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិន ព្រមទទួលសំណងនៅសល់ត្រឹម ២២០នាក់។
ក្រសួងបានអំពាវនាវដល់បងប្អូនបាតុករទាំងអស់ដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ សូមបញ្ឈប់ការប្រមូលផ្ដុំដែលបំពាននឹងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ ឬ ពួកគេប្រឈមនឹង ការបណ្តេញចេញដោយសន្តិវិធី ហើយប្រឈមនឹងការបាត់បង់ការទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុ។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកចំនួន ៨នាក់ បានធ្វើលិខិតមកក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំក្រសួងផ្តល់កិច្ចអន្តរាគមន៍ឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន និង ធ្វើជាតំណាងរបស់កម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍។ តាមរយៈ លិខិតស្នើសុំអន្តរាគមន៍នេះ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌បានធ្វើលិខិត អន្តរាគមន៍បន្តទៅសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានពិនិត្យលើនីតិវិធី ច្បាប់ និងបានសម្រេចដោះលែងអតីតបុគ្គលិកចំនួន ៨រូប ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ តបតាមសំណើរបស់អតីតបុគ្គលិកចំនួន ៣នាក់ ដែលកំពុងជាប់ ឃុំពីបទល្មើសនឹងវិធានការសុខាភិបាល ក្រសួងក៏បានរៀបចំសំណើទៅក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងផ្តល់កិច្ចអន្តរាគមន៍ដោះលែង តាមនីតិវិធីច្បាប់។
ក្រសួងនឹងបន្តធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារនេះ ដោយបានអញ្ជើញ ភាគីទាំង២ មកប្រជុំដោះស្រាយបន្តនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
អាស្រ័យហេតុនេះ សូម សាធារណជន ជ្រាបតាមការគួរ៕
ដោយ ៖ សូរិយា