ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខលួចម៉ូតូគេយកទៅបញ្ចាំសមត្ថកិច្ចស្រាវចាប់ខ្លួនបានម្ចាស់ទីតាំងករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យជាម្ចាស់ទីតាំងបញ្ចាំម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីទទួលផលចោរកម្ម ក្រោយពីជនសង្ស័យជាម្ចាស់ទីតាំងខាងលើនេះ បានទទួលបញ្ចាំយកម៉ូតូពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បន្ទាប់ពីលួចម៉ូតូគេបានកាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២វេលាម៉ោង០៧និង០០នាទី មុខផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

   មន្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ២នាក់ ១.ឈ្មោះ ប្រាក់ សុធារិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣សង្កាត់ តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរ:ជាងថតរូប (ម្ចាស់ទីតាំងឃាត់ខ្លួន),​២.ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅនិងមុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ មិន អុីម ភេទប្រុសអាយុ៤០ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:រត់ម៉ូតូឌុប។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿងម៉ាកHONDA Dream  ពណ៌ខ្មៅ.ស៊េរីឆ្នាំ២០១៤. ពាក់ស្លាកលេខកណ្តាល1P-9406 លេខម៉ាស៉ីនND125ME-9066412លេខតួ ND125ME-9066412 (របស់ជនរងគ្រោះ)។

      ប្រភពដែលបានបន្តថា នៅថ្ងៃកើតហេតុខាងលើ.ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះដោយពុំបានដកកូនសោរចេញពីម៉ូតូទេ រួចហេីយបានដេីរចូលទៅក្នុងផ្ទះបានបន្តិចស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូ ភ្លាមនោះជនរងគ្រោះបានងាកមកឃេីញជនសង្ស័យម្នាក់រាងតូចល្អិតពាក់អាវពណ៌ក្រហមបានជិះម៉ូតូចេញយ៉ាងលឿន ជនរងគ្រោះដេញតាមដែរតែតាមមិនទាន់ទេ ហេីយជនសង្ស័យបានជិះគេចខ្លួនបាត់តែម្តង។ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំអោយជួយស្រាវជ្រាវនិងបានតាមរកដោយខ្លួនឯងផងដែរ រហូតដល់ថ្ងៃទី១៦ខែឆ្នាំដដែល.ជនរងគ្រោះបានឃេីញម៉ូតូរបស់ខ្លួននៅមុខផ្ទះអ៊ុតសក់ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ.រួចបានប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់យកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា:ម៉ូតូនេះត្រូវបានឈ្មោះ ភ័ក្រ យកមកដាក់បញ្ចាំអោយខ្លួនក្នុងតំលៃ២០០ដុល្លារ ដោយសន្យាថា៣ទៅ៤ថ្ងៃទៀតទេីបយកលុយមកយកវិញ។ 

   បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការបន្តតាម​នីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖