សហរដ្ឋអាមេរិក ៖ ខណៈដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្លាំងពេក នៅអាមេរិក ដោយក្នុងមួយហ្គាឡុងមានតម្លៃរហូតដល់៤,៣ដុល្លារ ហេីយប៉ូលិសជាន់ខ្ពស់របស់អាមេរិកបានព្រមានជាសាធារណៈទៅកាន់ប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ខ្លួនឱ្យចេះការពារប្រេងសាំងរបស់ពួកគេនៅក្នុងរថយន្តដែលចតចោលនៅតាមផ្លូវសាធារណៈ បន្ទាប់ពីពេលថ្មីៗនេះ មានសកម្មភាពនៃការលួចសាំងចេញពីរថយន្តបានកើតមានឡើងជាបន្តបន្ទាប់។ នេះបេីយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Boston25 News។
ជាក់ស្ដែងប៉ូលិសជាន់ខ្ពស់របស់អាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បន្ទាប់ពីកំណើនតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ខ្លាំងពេក ក៏ជំរុញឱ្យមានជនខិលខូចមួយចំនួនបែកគំនិតដើរលួចសាំងចេញពីរថយន្តរបស់អ្នកដទៃ។ ដោយក្រុមចោរទាំងនោះបានប្រើប្រាស់ប្រដាប់បូមសាំងយ៉ាងឆាប់រហ័ស និងមានករណីខ្លះក្រុមចោរបានធ្វើការខួងបាតរថយន្តទៀតផងដើម្បីបង្ហូរយកសាំង។
គួរបញ្ជាក់ថា ជាមួយនឹងការឆ្លើយតបករណីលួចសាំងចេញពីរថយន្តខាងលេីនេះ មន្រ្តីប៉ូលិសអាមេរិកបានណែនាំឱ្យម្ចាស់រថយន្តគ្រប់រូបត្រូវទិញឧបករណ៍ចាក់ការពារកន្លែងធុងសាំងរថយន្ត កុំចតរថយន្តនៅកន្លែងស្ងាត់ឬដាច់ឆ្ងាយពីគេពេក ហើយយកល្អគួរផ្អាកជិះរថយន្តមួយរយៈសិន ដើម្បីការពារកុំឱ្យគេលួចសាំង និងដើម្បីកាត់បន្ថយការចំណាយលើការចាក់សាំងរថយន្តបន្ថែមទៀត៕ដោយ៖សហការី
រូបថត៖ Boston25 News