នៅថ្ងៃទី១៨ ខែមីនា សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ដែលបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យសិស្សស្រីនៅក្នុងប្រទេសនេះវិលត្រឡប់ទៅសាលារៀនវិញ ។ ក្រុមតាលីបង់បានប្រកាសថា សាលាមធ្យមសិក្សានឹងបើកទ្វារនៅសប្តាហ៍ក្រោយ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលសហគមន៍អន្តរជាតិបង្ហាញពីក្តីបារម្ភខ្លាចក្រុមតាលីបង់មិនអនុញ្ញាតឱ្យកុមារី និងស្ត្រីទទួលបានការអបរំដូចប្រទេសដទៃ ។
លោក Aziz Ahmad Rayan អ្នកនាំពាក្យក្រសួងអបរំ របស់រដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា «សាលារៀនទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបើកទ្វារឡើងវិញឱ្យសិស្សវិលត្រឡប់ទៅសិក្សាទាំងប្រុសទាំងស្រី។ ចំណែកសិស្សស្រីនឹងត្រូវបានបង្រៀនដាច់ដោយឡែក ហើយមានតែគ្រូបង្រៀនស្រីប៉ុណ្ណោះទើបអាចបង្រៀនសិស្សស្រីបាន។ ចំណែកនៅក្នុងតំបន់ជនបទដែលខ្វះគ្រូបង្រៀនស្រី គឺអាចឱ្យគ្រូប្រុសដែលមានវ័យចំណាស់ចូលទៅបង្រៀនបាន។
លោក Aziz Ahmad Rayan បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះនឹងមិនមានសាលារៀនណាមួយត្រូវបានបិទទ្វារនោះឡើយ ហើយបើមានករណីបិទទ្វារ គឺក្រសួងអបរំមានតួនាទីត្រូវបើកទ្វារវិញ។
ការអនុញ្ញាតឱ្យក្មេងស្រី និងស្ត្រី ទទួលបានការអបរំគឺជាសំណើពីសហគមន៍អន្តរជាតិដល់រដ្ឋាភិបាលតាលីបង់ដែលបានឡើងមកកាន់កាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថានជាថ្មីនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ក្រោយអាមេរិកប្រកាសដកទ័ពបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនេះ៕ ដោយ៖ ធីរីណា
រូបថត៖AAP