រដ្ឋាភិបាលអង់គ្លេសបានសម្រេចផ្តល់ជំនួយកាំជ្រួចមីស៊ីលថ្មី៦ពាន់ដើម និងទឹកប្រាក់២៥លានផោន ដល់កម្លាំងទាហានអ៊ុយក្រែន ។ ជាមួយគ្នានេះដែរ អង់គ្លេសក៏បានផ្តល់ជំនួយទឹកប្រាក់៤,១លានផោនដល់បណ្តាញព័ត៌មាន BBC ដើម្បីបង្កើនការផ្សាយទាំងភាសាររុស្ស៊ី និងអ៊ុយក្រែនផងដែរ។
នៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់អង្គការណាតូ និងG7 កាលពីថ្ងៃទី២៤ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីកញ្ចប់ជំនួយថ្មីដល់ប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនោះលោកក៏បានប្រកាសថា អង់គ្លេសនឹងបន្តជួយដល់អ៊ុយក្រែនក្នុងការបង្កើនសមត្ថភាពការពារខ្លាំងជាងនេះ។
លោក Johnson បានលើកឡើងថា «អង់គ្លេសនឹងផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន បង្កើនសមត្ថភាពការពារដើម្បីកែប្រែស្ថានភាពក្នុងសង្គ្រាម»។ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជំនួយមីស៊ីលសរុប១ម៉ឺនដើមជាមួយនឹងទឹកប្រាក់៤០០លានផោនសម្រាប់សកម្មភាពមនុស្សធម៌ ។
ជាមួយគ្នានេះដែរ ប្រទេសអាល្លឺម៉ង់ និងស៊ុយអែតក៏បានប្រកាសថា នឹងផ្តល់ជំនួយមីស៊ីលប្រឆាំងរថក្រោះឱ្យប្រទេសអ៊ុយក្រែន
ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht បានប្រកាសថា នឹងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ៥ពាន់ដើមទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមីស៊ីល៥ពាន់ដើមដែលបានបញ្ជូនទៅកាន់អ៊ុយក្រែននាពេលកន្លងមក។
ក្រុមអ្នកឯកទេសវិភាគមួយចំនួនបានលើកឡើងថា ការផ្តល់ជំនួយអាវុធបន្ថែមរបស់បណ្តាប្រទេសលោកខាងលិចគឺដូចជាកំពុងតែបំផ្លាញប្រទេសអ៊ុយក្រែនទាំងមូល។ អ៊ុយក្រែនតតាំងកាន់តែខ្លាំងគឺប្រទេសរបស់ខ្លួនកាន់តែរងការបំផ្លាញកាន់តែច្រើន ព្រោះរុស្ស៊ីបានប្តេជ្ញាហើយថាមិនចាញ់នៅក្នុងសង្គ្រាមនោះឡើយ៕
រូបថត៖AP
ដោយ៖ធីរីណា(រូបថត៖Getty Images)