ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចម្រុះជាង១០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទ(ប្រភេទសម្រាស់)នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តទៀត។ ក្នុងនោះកម្លាំងចម្រុះបានចែកចេញជា៤ក្រុម ស្រុកជលគីរី១ក្រុម ស្រុកកំពង់លែង១ក្រុម និងស្រុកបរិបូណ៌២ក្រុម។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ កម្លាំងចម្រុះរបស់ ខេត្តកំពង់ឆ្នាំងប្រមាណជា១០០នាក់ បានចុះធ្វើការបង្រ្កាបបទល្មើសជលផល ចំនួន៣ទីតាំង នៅក្នុងភូមិសាស្រ្ត ស្រុកជលគិរី ស្រុកកំពង់លែង និង ស្រុកបរិបូរណ៍ ។ ក្នុងប្រតិបត្តិការដឹកនាំបង្រ្កាបបទល្មើសនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត ដែលមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត មន្រ្តីរដ្ឋបាលជលផល គឺកម្លាំងចម្រុះបានធ្វើការបង្រ្កាបបទល្មើសនេសាទ មានសម្រាស់ របាំងសាច់អួន និងរបាំងស្បៃមុង ។ ការចុះបង្ក្រាបបទល្មើនេសាទរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនេះ បន្ទាប់ពីសម្តេច តេជោហ៊ុន សែនបានដាស់តឿនដល់មន្រ្តីអាជ្ញាធរ បង្កើនកាបង្រ្កាបបទល្មើសនេសាទ ខណ: ដែលធនធានមច្ឆាជាតិ រងកាបំផលិចបំផ្លាញ ពីសំណាក់ ជនខិលខូច ដោយប្រើឧបករណ៍នេសាទល្មើសច្បាប់។
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ ។ សម្តេចតេជោ ថ្លែងបែបនេះ ខណ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យត្រៀមឧទ្ធម្ភាគចក្រ សម្រាប់ ដេញចាប់ពួកប្រព្រឹត្តិបទល្មើសនេសាទ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទមិនទទួលបានលទ្ធផលកន្លងមក ដោយសារមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ ដែលបញ្ហានេះមិន ត្រូវអត់ឱនឱ្យឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានៃបទល្មើសនេសាទជលផល មិនមែនកើតមានតែនៅពេលបច្ចុប្បន្ននោះទេ គឺបានកើតឡើងតាំងពីសម័យបារាំងមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋជាច្រើនរងគ្រោះដោយសារបញ្ហាទាំងនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាកសិកម្មកម្ពុជាមានការរីកចម្រើន ការបង្កាត់ និងជ្រើសរើសពូជកសិកម្ម ដែលធានាទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈវិស័យកសិកម្ម បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពល្អប្រសើរ និងបានចូលរួមកាត់បន្ថយ ភាពក្រីក្រ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនប្រសិទ្ធភាពការងារ ព្រោះជាវិស័យដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងត្រូវដាក់ចេញផែន វិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជា ឲ្យដាំព្រៃឈើឡើងវិញ នៅក្នុងដីជាង៦ម៉ឺនហិកតា ដែលបានរឹបអូសពីប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត កាន់កាប់ទន្ទ្រាន នៅជុំវិញបឹងទន្លេសាបនាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប យកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសជលផល ក៏ដូចជាបទល្មើសព្រៃឈើ ។ សម្ដេចបានមានប្រសាសន៍លើកឡើងថា, កន្លងទៅ ខាងរដ្ឋបាលជលផល និងខាងរដ្ឋបាលព្រៃឈើ ឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប៉ុន្តែមិនទាន់ឃើញចេញជាលទ្ធផលអ្វីនៅឡើយទេ។ ដូច្នេះអភិបាលខេត្តទាំងអស់ មានអំណាចនៅក្នុងដៃរួចហើយ ក្នុងការគ្រប់គ្រងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឬមួយខ្លាចតែអស់លោកមិនចេះប្រើអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។ ជុំវិញបទល្មើសជលផល សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានថ្លែងថា, ខ្ញុំបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ។
នៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុនសែន បានរំលឹកឡើងវិញ ចំពោះវិធានការបង្ក្រាបបទល្មើសជលផលនៅលើផ្ទៃបឹងទន្លេសាប ដោយសម្តេចសង្កត់ធ្ងន់ថា ត្រូវតែធ្វើឲ្យបាន បង្ក្រាបរាល់បទល្មើសដែលកើតមាននៅតាមបឹងទន្លេសាប៕
ដោយ ៖ សិលា