ខេត្តព្រៃវែង ៖ កាណូតចំនួន ៥គ្រឿងរបស់សហគមន៍អឺរ៉ុប រូវបានប្រគល់ជូនសហគមន៍នេសាទចំនួន ២គ្រឿង និងសហគមន៍ស្រះជម្រកត្រីចំនួន៣គ្រឿង ទុកសម្រាប់ប្រើប្រាស់ក្នុងការការពារអភិរក្សធនធានជលផល នៅថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០២២នេះ តាមរយៈរដ្ឋបាលខណ្ឌជលផលព្រៃវែង និងតំណាងសហគមន៍ទាំង៥។
បើតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផលព្រៃវែង លោក អូន ស៊ីណាត បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០២២នេះថា៖ កាណូតចំនួន៥គ្រឿងនេះមួយគ្រឿងៗមាន បណ្តោយប្រវែង៧,២ម៉ែត្រ បំពាក់ដោយម៉ាស៊ីន២៧សេហ្វ និងអាគុយ៤០អំពែសម្រាប់ទូកនីមួយៗ។ កាណូតទាំងនេះសម្រាប់ប្រើប្រាស់ក្នុងការការពារអភិរក្សធនធានជលផលនៅក្នុងខេត្តព្រៃវែង។
នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានបន្យថា៖ សហគមន៍ទាំង៥ដែលបានទទួលកាណូតខាងលើរួមមាន៖ សហគមន៍នេសាទព្រែកក្របៅ, សហគមន៍នេសាទស្វាយភ្លោះ, សហគមន៍ស្រះជម្រកត្រីបឹងផ្លាំង, សហគមន៏ស្រះជម្រកត្រីបឹងលើ និងសហគមន៍ស្រះជម្រកត្រីបឹងមេសាង។
លោក អូន ស៊ីណាត បានគូសបញ្ជាក់ថា៖ នៅក្នុងខេត្តព្រៃវែងសព្វថ្ងៃមានសហគមន៍នេសាទ បានចុះបញ្ជីចំនួន២៨ និងសហគមន៍ស្រះជម្រកត្រីមានចំនួន ៧៩ ដែលកន្លងទៅទទួលបានកាណូតពីសហគមន៍អឺរ៉ុបចំនួន១០គ្រឿងសម្រាប់សហគមន៍នេសាទ និងចំនួន១៤គ្រឿងសម្រាប់សហគមន៍ស្រះជម្រកត្រីសម្រាប់ប្រើប្រាស់ក្នុងការការពារអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋានខេត្តព្រៃវែង និងខណ្ឌរដ្ឋបាលជលផលព្រៃវែង ក៏ទទួលបានចំនួន៥គ្រឿងផងដែរ៕
ដោយ៖សហការី