ខេត្តពោធិ៍សាត់ ៖ បុរសវ័យជាង៥០ឆ្នាំចិត្តសាហាវព្រៃផ្សៃម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននាំយកទៅបន្តនីតិវិធី បន្ទាប់ពីឪពុកបង្កើតចិត្តសត្វរូបនេះ ស្រាយកំហឹងជាមួយកូនស្រីអាយុ២ឆ្នាំ ដោយចាប់មួល.កបណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍ហិង្សាខាងលើ បានកើតឡើងនារសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅផ្ទះលើផ្ទៃទឹក ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីម្ដុំកើតហេតុបានឲ្យដឹងនាល្ងាចថ្ងៃទី២៦ ខែមីនា នេះថា ជនសង្ស័យដៃដល់ឈ្មោះ ម៉ឺយ ទក ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកកូនស្រីបង្កើត(រងគ្រោះ)ឈ្មោះ ទក តូច អាយុ ២ឆ្នាំ បច្ចុប្បន្ន កំពុងសង្រ្គោះនៅមន្ទីរពេទ្យ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីហិង្សាក្នុងគ្រួសារខាងលើ គេពុំបានបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់ក៏ពិតមែន ប៉ុន្តែគេដឹងថាបណ្ដាលមកពីឪពុក(ម៉ឺយ ទក)ផឹកស្រាស្រវឹង។
បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាឪពុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង កំពុងបន្តនីតិវិធី ៕
ដោយ៖ បុឹម ពិន