នៅថ្ងៃទី២៨ខែមីនា នៅលើបណ្តាញសង្គម Telegram ក្រុមភេរវកម្ម រដ្ឋអ៊ិស្លាម IS បានទទួលស្គាល់ពីសកម្មភាពវាយប្រហារនៅទីក្រុង Hadera ភាគកណ្តាលនៃប្រទេសអុីស្រាអែល បណ្តាលឱ្យប៉ូលិស២នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ។ ការវាយប្រហារកើតឡើងនៅថ្ងៃទី ២៧ ខែមីនា ។
អ្នកនាំពាក្យកម្លាំងប៉ូលិសអុីស្រាអែល លោក Eli Levy បានឱ្យដឹងថា «កម្លាំងប៉ូលិសបានសម្លាប់ជនដៃដល់ និងទប់ស្កាត់បានការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសអុីស្រាអែល»។ មកទល់ពេលនេះប៉ូលិសអុីស្រាអែល មិនទាន់ប្រកាសអត្តសញ្ញាណជនដៃដល់នៅឡើយទេ។
កម្លំាងប៉ូលិសអុីស្រាអែលបានដាក់ក្នុងស្ថានភាពអាសន្ន ប្រុងប្រយ័ត្នខ្ពស់ ដោយបារម្ភខ្លាចរងការវាយប្រហារភេរវកម្មសាជាថ្មី ។ កម្លាំងប៉ូលិសក៏បានបង្កើនការយាមល្បាតនៅទីតាំងសំខាន់ៗផងដែរ។ កាលពីថ្ងៃទី២២ខែមីនា បុរសម្នាក់បានបើករថយន្តបំបុក និងប្រើប្រាស់កាំបិតវាយប្រហារ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់៕ដោយ៖ ធីរីណា
(រូបថត : THX/TTXVN)