ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ប្រកាសចេញសេចក្តីណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរនាឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ នាថ្ងៃ១៣-១៤-១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ឋសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរ ទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញនិងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ ឬកម្មវិធីកម្សាន្តសប្បាយផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីទៅតាមលទ្ឋភាពជាក់ស្តែង។

២. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្លួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិ អប្បបរមា (SOP) តាមគង្ហីងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

៣. ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេស ត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្ចាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។

៤. ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់ វ៉ាកំលាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

៥. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្ងៃនៃការស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹង ជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណ៏មិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់ មូលដ្ឋានអាជីវកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៦. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបាន ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យ បានទាន់ពេលវេលាជាប្រចាំថ្ងៃ។

ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖