ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែមេសា ឆ្នាំ២០២២ របស់នាយកដ្ឋាន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែក-នាយរងផ្នែកចាំបាច់មួយចំនួន។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យលោកនាយរងការិយាល័យរដ្ឋបាលសរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំជ្រាប។ ឆ្លៀតក្នុងឱកាសនោះ លោកនាយរងការិយាល័យរដ្ឋបាលសរុប ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកាងារ ក៏ដូចជាសកម្មភាពក្នុងការអនុវត្តន៍ការងារជំនាញដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ជូនអង្គប្រជុំជ្រាប ។ ទន្ទឹមនឹងនោះ លោកនាយការិយាល័យជំនាញទាំងពីរ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលបានសម្រេច និងទិសដៅបន្តផងដែរ។
ជាមួយគ្នានោះ ក៏មានការចូលរួមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពអនុវត្តការងារ ក៏ដូចជាមតិយោបល់ លើកឡើងមួយចំនួននូវបញ្ហាប្រឈម និងសំណូមពរពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋានផងដែរ។
លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរដែលការិយាល័យជំនាញ ក៏ដូចជាលោក-លោកស្រីអនុប្រធាននាយកដ្ឋានបានលើកឡើង ព្រមទាំងបានណែនាំការងារជំនាញមួយចំនួន ក៏ដូចជាដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តដល់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងការិយាល័យជំនាញ ៕
ដោយ ៖ សិលា