ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរួមសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើបានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2A-4695 ដែលបានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ សន្លឹកស្មើនឹង១,៤៣២ម៉ែត្រគុណ ។
ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំស្ថិតក្នងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តល្មើសបានបើកកៀររថយន្តសមត្ថកិច្ចបណ្តាលឱ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ្វដ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខ.ម 7257បានឡើងមកបិទមុខរថយន្តសមត្ថកិច្ចបណ្តាលឱ្យរថយន្តល្មើសបើកគេចបាត់ ។
លុះមកដល់វេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គនិងខេត្តសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើបានរុករកឃើញរថយន្តល្មើសស្ថិតក្នុងបរិវេណផ្ទះរបស់ឈ្មោះជុំ ផល្លា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្តិតក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ពេលនោះសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងម្ចាស់ផ្ទះហើយម្ចាស់ផ្ទះបានឆ្លើយប្រាប់សមត្ថកិច្ចថារថយន្តនេះបានបើកចូលមកដោយខ្លួនឯងរួចហើយម្ចាស់រថយន្តបានគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នវត្តុតាងបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីស្រាវជ្រាវរកជនល្មើស៕
ដោយ៖ចន្ទ លីហ្សា