នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១ខែមេសា មានគ្រោះអគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងនៅទីក្រុង Belgorod ប្រទេសរុស្ស៊ី មានចម្ងាយពីព្រំដែនជាប់ប្រទេសអ៊ុយក្រែនតែ៤០គីឡូម៉ែត្រប៉ុណ្ណោះ។ មានឃ្លាំងស្តុកប្រេងចំនួន៨ ស្តុកថាមពល២០០០ម៉ែត្រគូបត្រូវបានឆាបឆេះ។
ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យខាងលើ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានបញ្ជាក់ថា ភ្លើងឆាបឆេះនៅឃ្លាំងស្តុកប្រេងជាប់ព្រំដែនអ៊ុយក្រែន ។ លោកបានបញ្ជាក់នៅលើបណ្តាញសង្គមតេឡេក្រាមថា «ក្រុមពន្លត់អគ្គិភ័យបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍។ មានកម្មករពីរនាក់នៅទីនោះរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តំណាងក្រុមហ៊ុន Rosneft ដែលគ្រប់គ្រងឃ្លាំងស្តុកប្រេងនៅទីក្រុង Belgorod បានឱ្យដឹងថា បុគ្គលិកឃ្លាំងស្តុកប្រេងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ចំណែកពលរដ្ឋនៅក្បែរនោះក៏ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ។
នៅទីតាំងខាងលើមានអាងស្តុកប្រេង២៧អាង ក្នុងនោះមាន៨អាងស្តុករងការឆាបឆេះ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យឆាបឆេះនៅឡើយទេ ។ ប៉ុន្តែមានការសង្ស័យថា ឧទ្ធម្ភាគចក្រអ៊ុយក្រែនពីរគ្រឿង បានហោះចូលក្នុងទឹកដីរុស្ស៊ី៕
ដោយ៖ ធីរីណា